(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) បាននិយាយថា ការគាបសង្កត់ និងការរឹតត្បិតរបស់ចិនលើសិទ្ធិមនុស្សកាន់តែមានសភាពអាក្រក់ឡើងៗ ហើយការគ្រប់គ្រងលើទិន្នន័យបច្ចេកវិទ្យា ក៏កំពុងបង្កការគំរាមកំហែងដល់លោកខាងលិច ផងដែរ។
លោកស្រី Pelosi បានគូសបញ្ជាក់ថា «ចិនកាន់តែគាបសង្កត់… ហើយទាំងការធ្វើកំណែទម្រង់ប្រជាធិបតេយ្យ, សេរីភាពបញ្ចេញមតិ ឬពហុភាគីនិយម ឬគ្រាន់តែអនុញ្ញាតប្រជាជនបញ្ចេញមតិសុទ្ធតែកំពុង ស្ថិតនៅក្នុងស្ថានភាពកាន់តែអាក្រក់ឡើង»។ លោកស្រី Nancy Pelosi ធ្វើការកត់សម្គាល់ដូចខាងលើ ក្នុងពេលបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
លោកស្រី Nancy Pelosi ក៏បានកោតសរសើរផងដែរ ចំពោះសម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយរបស់អាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលទើបតែត្រូវបានប្រកាស កាលពីថ្ងៃពុធកន្លងទៅនេះ ហើយក្រៅតែពីនេះលោកស្រីបានឆ្លៀតរិះគន់ចិនត្រង់ៗ ចំពោះការធ្វើសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង, ការគាបសង្កត់ ជនដើមភាគតិចមូស្លីម អ៊ុយហ្គឺ (Uyghurs), តំបន់ទីបេ និងហុងកុងផងដែរ៕
ប្រភព៖ Reuters
មតិយោបល់