CAMSOC-ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា (MCL) បានបញ្ចប់សប្ដាហ៍ទី១៧ហើយ ខណៈគិតត្រឹមល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅសល់បេក្ខភាពក្រុម Top-8 (៨ក្រុមឈរកំពូលតារាងជើងទី១) ចំនួន ៤ក្រុមប៉ុណ្ណោះ ដែលនៅសល់ឱកាសដណ្ដើមពាន រួមមានក្រុមភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និងបឹងកេត។
សម្រាប់លទ្ធផលគូជក់ចិត្ត ក្នុងសប្ដាហ៍ទី១៧ នៅល្ងាចថ្ងៃពុធនេះ ក្រុមបឹងកេត បានប្រកួតស្មើព្រះខ័នរាជស្វាយរៀង ១-១ នៅកីឡដ្ឋានខេមបូអ៊ែរវ៉េ។ ក្នុងជំនួបដ៏ជក់ចិត្តនេះ ព្រះខ័នរាជស្វាយរៀង បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ពីការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Lopez Mendy នៅនាទី៤៩ មុនខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ស៊ុតគ្រាប់តាមស្មើ ១-១ ឲ្យបឹងកេត នៅនាទី៧៩ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត។
ចំណែកក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ៣-២ នៅកីឡដ្ឋានស្ដាតចាស់។ ៣គ្រាប់របស់អតីតក្រុមជើងឯក ៦សម័យភ្នំពេញក្រោន ធ្វើសម្រេចដោយខ្សែប្រយុទ្ធកូឡុំប៊ី Adres Nieto ២គ្រាប់ម្នាក់ឯង នៅនាទី២៣ និងនាទី៧៤ និងខ្សែបម្រើ ប្រាក់ ធីវ៉ា នៅនាទី៤៣។ ចំណែកគ្រាប់បាល់វាយបកតាមពីក្រោយរបស់ក្រុមណាហ្គាវើលដ៏ រកបានដោយកីឡាករ Marcio ទាំង ២គ្រាប់ នៅនាទី៦២ និងនាទី៨០។
ដោយឡែកលទ្ធផលគូ Top-8 ចំនួន ២ប្រកួតទៀត កាលពីថ្ងៃទី២៩ ខែកញ្ញាម្សិលមិញ ក្រុមវិសាខា បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ លើទឹកដីរបស់ខ្លួន ដោយលទ្ធផល ៥-០ ដែលគ្រាប់បាល់ជ័យជម្នះនេះ ធ្វើសម្រេចដោយកីឡាករ ស៊ិន កក្កដា ១គ្រាប់, Marcus Haber ២គ្រាប់ និង Ajayi Opeyemi Korede ២គ្រាប់។ រីឯក្រុមអង្គរថាយហ្គឺរ បានបន្ដឈ្នះក្រុមម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ២-១។
ឆ្លងកាត់ការប្រកួតសប្ដាហ៍ទី១៧នេះ ក្រុមភ្នំពេញក្រោន បានឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៣៧ពិន្ទុក្នុងដៃ តាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង មាន៣៥ពិន្ទុ ខណៈក្រុមវិសាខា និងបឹងកេត ឈរលេខ៣ និងលេខ៤ មាន៣៤ពិន្ទុស្មើគ្នា។ រីឯណាហ្គាវើលដ៏ ឈរលេខ៥ មាន២៨ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៦ មាន២៤ពិន្ទុ, កងយោធពលខេមរភូមិន្ទ ឈរលេខ៧ មាន២២ពិន្ទុ និងគិរីវង់ ឈរលេខ៨ មាន១៣ពិន្ទុ។
ផ្អែកលើលទ្ធផលបណ្ដោះអាសន្នពេលនេះ គេឃើញក្រុមមានឱកាសដណ្ដើមពានលីគកំពូលកម្ពុជា ឆ្នាំ២០២១ នៅសល់ ៤ក្រុមប៉ុណ្ណោះ គឺមានភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និងបឹងកេត ខណៈក្រុម Top-8 ៤ក្រុមទៀត បានរបូតឱកាសទៅហើយ បើប្រៀបធៀបពិន្ទុរវាងក្រុមកំពូលតារាង និងក្រុមឈរលេខ៥ ដល់លេខ៨ ដ្បិតក្រុមនីមួយៗ នៅសល់៣ប្រកួតក្នុងដៃប៉ុណ្ណោះ លើកលែងវិសាខា និងអង្គរថាយហ្គឺរ ដែលនៅសល់៤ប្រកួតទៀត៕
ប្រភពរូបភាព៖ CNCC





មតិយោបល់