ព័ត៌មានជាតិ

រថយន្តបីគ្រឿងបុកគ្នា ហើយជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាត តែមិនបណ្ដាលឲ្យមានអ្នករងរបួស

ភ្នំពេញ ៖ រថយន្តបីគ្រឿងបានបុករះបន្តកន្ទុយគ្នា ហើយជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាត និងមានការកកស្ទុះចរាចរណ៍ តែសំណាងល្អមិនមានអ្នករងរបួស ឡើងក្នុងហេតុការណ៍នេះ។

ហេតុការណ៍នេះ បានកើតនៅវេលាម៉ោង៩នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចមុខបុរីមេគង្គ ស៊ីធី តាមបណ្ដោយផ្លូវជាតិលេខ៦A នៅភូមិសំបួរមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេរថយន្តម៉ាក​កាមេរីឆ្លាម ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2L -9058 ​ធ្វើដំណើរពីជើងមកត្បូង តាម​បណ្ដោយ​ផ្លូវជាតិលេខ៦A មកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងត្រលប់ក្រោយ ក៏ត្រូវរថយន្តម៉ាកហាយ​ឡែនឌ័រ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AE -7435​ ធ្វើដំណើរពីជើងមកត្បូង មកពីក្រោយក្នុង​ល្បឿន​លឿន​ហ្វាំង​មិនទាន់ក៏បុកគូទរថយន្តឆ្លាមពេញទំហឹង ​រុញរថយន្តទៅមុខបុកនឹងរថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AG -6691 ធ្វើដំណើរពីត្បូងមកជើង បុកចំទ្វាខាងក្រោយ​បណ្ដាល​ឲ្យរថយន្តស៊ីណារ៉េចង្កូតឡើងទៅទើលើសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលស្លាក​សញ្ញា​ចរាចរណ៍​ដួល​រលើង​ដល់ដីរថយន្តក៏ទៅមុខលែងរួច ។

ក្រោយពេលកើតហេតុរថយន្តទាំងបី ត្រូវសមត្ថកិច្ចចរាចរណ៍ ខណ្ឌជ្រោយចង្វារធ្វើការវាស់វែង នឹងយករថយន្តចេញ ដើម្បីសំរួលចរាចរណ៍កុំឲ្យកក់ស្ទុះ នឹងបានយករថយន្តទៅរក្សាទុក្ខនៅ​អធិការដ្ឋានខណ្ឌរងចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់