CAMSOC-ភ្នំពេញ៖ លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងបញ្ជីឈ្មោះកីឡាករ ៣០នាក់ ដែលត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) នៅសិង្ហបុរី នាដើមខែក្រោយ គឺផ្ដោតលើកីឡាករ ៣ដំណាក់កាល ទី១-ត្រៀមពានប្រចាំតំបន់នេះ ទី២-ត្រៀមស៊ីហ្គេម នៅវៀតណាម និងទី៣-ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ការគូសបញ្ជាក់បែបនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមជម្រើសជាតិ ប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង នៅកីឡដ្ឋានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា តែការប្រមូលផ្ដុំថ្ងៃដំបូងនេះ មានសមាជិក ៩នាក់ប៉ុណ្ណោះ (សម្រាប់កីឡាករក្លិប ដែលបញ្ចប់ការប្រកួតមុន) ។ រីឯកីឡាករ ២១នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យសម្រាក ១ថ្ងៃ មុនចូលជុំរុំហ្វឹកហាត់នៅថ្ងៃនេះ ក្រោយបញ្ចប់បេសកកម្មជួយក្រុមរៀងៗខ្លួន ក្នុងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ កាលពីថ្មីៗ។
អតីតគ្រូបង្វឹកក្រុមកងយោធពលខេមរភូមិន្ទខាងលើ បានបញ្ជាក់ថា «សម្រាប់ការជ្រើសរើសកីឡាករ ៣០នាក់នេះ ជាផ្ទៃក្នុងដែលយើងបានគិតតាំងពីដំបូង ម្នាក់ៗយើងតែងតែគិតថា គោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ។ អ៊ីចឹងក្នុងបញ្ជី ៣០នាក់នេះ យើងបានផ្ដោតទៅលើកីឡាករ ៣ដំណាក់កាល ទី១-សម្រាប់ការប្រកួតពាន Suzuki Cup ទី២-អនាគតកីឡាករដែលអាចលេងស៊ីហ្គេម ម នាខែឧសភា ឆ្នាំ២០២២ នៅវៀតណាម និងទី៣-កីឡាករគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។
«អ៊ីចឹងកីឡាករដែលយើងជ្រើសរើសមកនេះ អាចថា នៅក្នុងដំណាក់កាលទាំង ៣នេះ ដែលយើងផ្ដោតសំខាន់ ដើម្បីឲ្យពួកគាត់មានឱកាស តែមិនមែនថា ឈុតស៊ីហ្គេម ឆ្នាំ២០២៣ គាត់អត់អាចលេងបាននោះទេ គាត់អាចនឹងក្ដោបឱកាសក្នុងការលេង ១១នាក់ដំបូងនៅពាន Suzuki Cup លើកនេះ ។ តែជារួម គឺយើងត្រូវគិតទៅលើគោលដៅ ៣ដំណាក់កាលនេះ» ។ លោក ភា សុភ័ក្ដ្រា បន្ថែម។
គួរដឹងថា ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ នៅប្រទេសសង្ហបុរី ក្នុងនោះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ ។ រីឯពូល A មានអតីតក្រុមជើងឯក ៥សម័យថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត និងម្ចាស់ផ្ទះសិង្ហបុរី ។ សម្រាប់ប្រកួតដំបូងរបស់កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី០៦ ខែធ្នូខាងមុខ។
ចំពោះសមាសភាពកីឡាករជម្រើសជាតិកម្ពុជា ៣០នាក់ ដែលត្រូវធ្វើដំណើរទៅសិង្ហបុរី នាថ្ងៃទី០២ ខែធ្នូខាងមុខ រួមមានកីឡាករវិសាខា ៦នាក់(ឆេង ម៉េង, កែវ សុខផេង, កែន ច័ន្ទសុភ័ក្ដ្រ, ច្រឹង ពលរដ្ឋ, ទេស សម្បត្តិ, កែវ សុខសិលា) បឹងកេត ៥នាក់(ចាន់ វឌ្ឍនាកា, សេត រ៉ូស៊ីប, សៀង ចន្ធា, សឿត ណាវ៉ា) ព្រៃវែង ៥នាក់ (ស៊ិន សុវណ្ណមករា, ឡេង ណូរ៉ា, ស រតនា, ចាន់ សុរ៉ាពេជ្រ, វីរៈ ដារ៉ា) , ភ្នំពេញក្រោន ៥នាក់(អ៊ន ចាន់ប៉ូលីន, លឹម ពិសុទ្ធ, ជួន ចាន់ចាវ, យ៉ើ សាហ្វី, ប្រាក់ ធីវ៉ា) , ព្រះខ័នរាជស្វាយរៀង ៥នាក់ (ប្រាក់ មុន្នីឧត្តម, សារ៉េត គ្រីយ៉ា, សឿយ វិសាល, មិន រតនៈ, អ៊ាន ពិសី), ណាហ្គាវើលដ៏ ២នាក់(គួច សុកុម្ភ, សុះ ស៊ូហាណា), កងយោធពលខេមរភូមិន្ទម្នាក់(ញាណ សុស៊ីដាន) និងអគ្គិសនីកម្ពុជាម្នាក់(សារ ទី)៕






មតិយោបល់