ព័ត៌មានជាតិ

មន្ត្រីជំនាញសាខា (ក.ប.ប) ខេត្តតាកែវ ដុតបំផ្លាញចោល ទំនិញខូចគុណភាព និងទំនិញក្លែងក្លាយជិត ៣តោន

កាលពីថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីលានចាក់សំរាមស្ថិតនៅក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានរៀបចំពិធីដុតបំផ្លាញចោលនូវទំនិញខូចគុណភាព និងទំនិញក្លែងក្លាយមាន សារធាតុគីមីសរុបចំនួន ២៩៣៥គីឡូក្រាម ក្រោមវត្តមានលោក លី សេរីសម្បត្តិ ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តតាកែវ រួមជាមួយមន្ត្រីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តតាកែវ មន្ទីរបរិស្ថានខេត្តតាកែវ និងកងកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ខេត្តតាកែវ។

លោក លី សេរីសម្បត្តិ ប្រធានសាខា(ក.ប.ប)ខេត្តតាកែវ បានបញ្ជាក់ថា ទំនិញខូចគុណភាព និងទំនិញក្លែងក្លាយដែលមានសារធាតុគីមីប្រមាណជិត៣តោននេះ ត្រូវបានមន្ត្រីជំនាញសាខា(ក.ប.ប)ខេត្តតាកែវ ចុះត្រួតពិនិត្យនិងដកហូតបាននៅតាមបណ្តា ទីផ្សារនានាទូទាំងខេត្តតាកែវក្នុងរយ:ពេលកន្លងមក។

លោក លី សេរីសម្បត្តិ មានប្រសាសន៍បន្តថា ទំនិញទាំងអស់នេះភាគច្រើន ជាប្រភេទ គ្រឿងកំប៉ុង ទឹកក្រូច ទឹកដោះគោ នំធុង និងស្រាបៀរជាដើម ដែលហូសកាលបរិច្ឆេទ ប្រើប្រាស់ និងមួយចំនួនទៀតមានផ្ទុកសារធាតុគីមី ហើយក្នុងនោះក៏មានអាល់កុលក្លែង ក្លាយផងដែរ។ ទំនិញទាំងអស់នេះវាពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាព របស់បងប្អូនប្រជាពលរដ្ឋនៅពេលដែលពួកគាត់បានប្រើប្រាស់។ ក្នុងនាមជាមន្ត្រីជំនាញ (ក.ប.ប) សាខាខេត្តតាកែវ យើងនឹងបន្តខិតខំចុះត្រួតពិនិត្យទំនិញទាំងអស់ ដែលដាក់លក់ តាមបណ្តាទីផ្សារនានាទូទាំងខេត្តតាកែវ ដើម្បីធានាសុវត្ថិភាពចំណីអាហារ ហើយមិនប៉ះពាល់ ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។

លោកប្រធានសាខា(ក.ប.ប)ខេត្តតាកែវ ក៏បានអំពាវនាវទៅដល់បងប្អូនដែលជា ក្រុមអាជីវករលក់ដូរចំណីអាហារ ឬលក់គ្រឿងកំប៉ុង សូមមេត្តាលក់ដូរដោយភាពស្មោះត្រង់ កុំដាក់បន្ថែមនូវសារធាតុគីមីហាមឃាត់ ដើម្បីឱ្យ ទំនិញទាំងនោះមានសភាពល្អជាដាច់ខាត។ ការដាក់បន្ថែមសារធាតុគីមីហាមឃាត់ វាពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ អ្នកប្រើប្រាស់ ហើយក្នុងនោះដែរក៏ត្រូវឧស្សាហ៍ពិនិត្យមើលដោយខ្លួនឯង នូវកាលបរិច្ឆេទ ប្រើប្រាស់ បើទំនិញណាហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវរើសវាទុកមួយកន្លែង ឬយកទៅ កម្ទេចចោលដោយខ្លួនឯង ដើម្បីធានាសុខភាពសាធារណ:៕

មតិយោបល់