ព័ត៌មានជាតិ

រថយន្ត​ដឹកស្រូវ ផ្ទុះ​កង់​ ឈប់​ចត​នៅ​លើ​ទ្រូងផ្លូវ​មិន​ដាក់​ភ្លើង​សញ្ញា​បំភ្លឺ ​បណ្តាលឲ្យម៉ូតូ​បុក​ពីក្រោយ​ស្លាប់ម្នាក់

​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​០១​គ្រឿង​ ដឹកស្រូវ​លើស​ចំណុះ​បណ្តាល​ឲ្យ​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​ ហើយ​ឈប់​ចត​នៅ​លើ​ទ្រូងផ្លូវ​គន្លង​ម៉ូតូ​មិន​ដាក់​ភ្លើង​សញ្ញា​បំភ្លឺ​ឲ្យ​គ្រប់គ្រាន់​ ម៉ូតូ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​អ្នកបើកបរ​ម្នាក់​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ១០​និង​១០​នាទី​យប់​ ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០២២​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​ខ្ពស់​ ប្រហែល​៥០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ប្ញ​ស្សី​ក្រោក​ ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​ន​របាល​បាន​ឲ្យ​ដឹង​ថា​ ៖​ ជន​រង​គ្រោះ​ឈ្មោះ​ អែម​ ម៉ា​រ៉ា​ ភេទ​ស្រី​ អាយុ​ ៣៦​ ឆ្នាំ​ រស់នៅ​ភូមិ​ឫស្សី​ក្រោក​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ បើក​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​ ២០០៨​ គ្មាន​ស្លាក​លេខ​ មិន​ពាក់មួក​សុវត្ថិភាព​ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ៖​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​ម៉ាក​ ហ៊ី​យ៉ា​ន់​ដាយ​ ធន់​ធំ​ ប្រភេទ​ដឹក​ទំនិញ​ យី​ឌុ​ប​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ​ 3A-3519​ (​ដឹកស្រូវ​)​ បាន​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥​ពី​ជើង​ទៅ​ត្បូង​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​ ហើយ​ឈប់​ចត​លើ​ទ្រូងផ្លូវ​ដែល​ជា​គន្លង​ម៉ូតូ​ ដោយ​មិន​បាន​ដាក់​ភ្លើង​សញ្ញា​គ្រប់គ្រាន់​ ស្រប​ពេល​នោះ​ដែរ​ មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​បើកបរ​ដោយ​ជន​រង​គ្រោះ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​ បាន​បុក​ចំ​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​បោក​ក្បាល​នឹង​ទ្រុង​រថយន្ត​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ។​ អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ​ ក្រោយ​ពី​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ចំពោះ​វត្ថុ​តាង​រថយន្ត​និង​ម៉ូតូ​ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ដើម្បី​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​ ។​ ចំណែក​សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

 

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

មតិយោបល់