ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៨នាក់ដកហូតបានថ្នាំញៀន៣កញ្ចប់

ភ្នំពេញ: ជនសង្ស័យចំនួន៨នាក់ ត្រូវបានកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពសាលាខណ្ឌសែនសុខ ធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូច នៅជាប់នឹងខ្លួនរបស់ជនសង្ស័យ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលវេលាម៉ោង ៧យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចពីរទីតាំងផ្សេងគ្នា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ ដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ទិន ចាន់សេង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ ទី២ឈ្មោះ ញឹម ប៊ុន្នី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់សង្កាត់បឹងធំ ខណ្ឌពោធិ៍ សែនជ័យ។ ទី៣ឈ្មោះ សែម សុឃឿន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងសង្កាត់​ប្រទះឡាង ខណ្ឌដង្កោ ។ ទី៤ឈ្មោះ ហម បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ ទី៥ឈ្មោះ សេក វ៉ែន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិគោករកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ទី៦ឈ្មោះ ធឿន ប៊ុន ថន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ទី៧ឈ្មោះ ចេវ រ៉ាបូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជាមួយគ្នា ។ និងជនសង្ស័យទី៨ឈ្មោះ អោន ស៊ីណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យទាំងនេះបានរួមមាន ថ្នាំញៀនចំនួន៣កញ្ចប់តូច , ម៉ូតូចំនួន ៤គ្រឿងរួមមាន ម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-1815 ,ម៉ាក ធូដេរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CZ-3551 ,ម៉ាក MSX ពណ៌សលាយខ្មៅ គ្មានស្លាកលេខម៉ូតូមួយគ្រឿង, និងមួយគ្រឿងទៀតម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ 1CT-8270 ។

សមត្ថកិច្ចបានបន្តថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចបានដាក់កម្លាំងចំនួន២គោលដៅផ្សេងគ្នា តាមដងផ្លូវ ដើម្បីត្រួតពិនិត្យច្បាប់​ចរាចរណ៍ជើងគោក ទៅលើអ្នកធ្វើដំណើរគ្រប់យានជំនិះ ដោយគោលដៅទី១ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ខណ:នោះស្រាប់តែមានម៉ូតូចំនួន២គ្រឿង រួមមានម៉ាក​ស្មាសវីនិងម៉ាកធូដេរ ដែលសុទ្ធសឹងតែជាម៉ូតូដែលគ្មានមួកនិងកញ្ចក់ត្រូវបានសមត្ថកិច្ចឃាត់ឲ្យឈប់ ដើម្បីឆែកឆេរនិងផាកពិន័យស្រាប់តែរកឃើញថ្នាំញៀន​ចំនួនពីរកញ្ចប់​តូច នៅលើខ្លួនបុរសពីរនាក់ក្នុងចំណោមបួននាក់ខាងលើ ។

សមត្ថកិច្ចបានបន្តថា ចំណែកគោលដៅទី២ ស្ថិតនៅចំណុចស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី បានប្រទះឃើញម៉ូតូពីគ្រឿងម៉ាក MSX និងម៉ាកស៊ុយសាគី​និច ជិះដោយបុរសបួននាក់ទើបតែចេញពីក្នុងភូមិត្រពាំងឈូក ត្រូវបាន សមត្ថកិច្ចមានការសង្ស័យក៏ដាក់កម្លាំងធ្វើការប្រដេញតាម រហូតដល់ចំនុចកើតហេតុទើបឃាត់ម៉ូតូ​ខាងលើ​បាន ដើម្បីធ្វើការឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូចនៅលើខ្លួនបុរសម្នាក់ក្នុងចំណោមបួនដែលជាបក្សពួករបស់គេ ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីកសាងសំណុំរឿងនិងបញ្ជូនខ្លួនយកទៅកាន់​អធិការដ្ឋាន​នគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់