ចិនៈ ថ្មីៗនេះ ក្រុមហ៊ុន Samsung បានចេញមុខមិនទទួលខុសត្រូវចំពោះករណីផ្ទុះឆេះ Galaxy Note 7 នៅក្នុងប្រទេសចិនឡើយ ដោយយកលេសថា វាមិនមែនផ្ទុះដោយសារតែថ្ម ហើយក៏មិនបានទិញពីក្រុមហ៊ុន Samsung ដោយផ្ទាល់ផងដែរ គឺបានទិញពីក្រុមហ៊ុនក្នុងស្រុក។
ការមិនទទួលខុសត្រូវនេះ បានធ្វើឲ្យចំណែកទីផ្សារ Samsung នៅក្នុងប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំង រហូតមកដល់ពេលនេះ គឺមានត្រឹមតែ ៨ភាគរយប៉ុណ្ណោះ នៃចំណែកទីផ្សារស្មាតហ្វូន ខណៈដែលកន្លងមកមានរហូតដល់ទៅជិត ៣០ភាគរយ។
កាលពីឆ្នាំ ២០១៣ Samsung គឺជាកំពូលក្រុមហ៊ុនដែលលក់ស្មាតហ្វូនដាច់ជាងគេនៅក្នុងប្រទេសចិន ហើយក៏ជាកំពូលក្រុមហ៊ុនមួយដែលល្បីល្បាញជាងគេនៅអាស៊ីផងដែរ ប៉ុន្តែនៅឆ្នាំ ២០១៤ ក្រុមហ៊ុន Samsung បានធ្លាក់ប្រជាប្រិយភាពបន្តិចវិញ ដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុក Xiaomi និង Huawei បានវាយដណ្ដើមទីផ្សារជាមួយស្មាតហ្វូនតម្លៃទាប ប៉ុន្តែគុណភាពប្រហាក់ប្រហែកគ្នា។ រហូតមដល់ឆ្នាំ ២០១៦នេះ Samsung មានចំណែកទីផ្សារស្មាតហ្វូនត្រឹមតែ ៨ភាគរយប៉ុណ្ណោះ ហើយបើតាមការវិភាគអាចនឹងធ្លាក់បន្តទៀត ព្រោះតែ Samsung មិនទទួលខុសត្រូវចំពោះករណីផ្ទុះឆេះ Galaxy Note 7 ជាពិសេសគឺបានប្រកាសប្រមូល Galaxy Note 7 តែជាង ១ពាន់គ្រឿងប៉ុណ្ណោះ ដែលចេញលក់នៅចន្លោះថ្ងៃទី២០ ខែមិថុន ដល់ថ្ងៃទី០៥ ខែសីហា ដែលសុទ្ធសឹងតែជាស្មាតហ្វូនសម្រាប់សាកល្បង (Testing models)។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung ត្រូវបានក្រុមអ្នកវិភាគ Bloomberg ប៉ាន់ប្រមាណថា អាចនឹងខាងបង់ច្រើនជាង ១ពាន់លានដុល្លារអាមេរិក ដោយសារតែការផ្ទុះឆេះ Galaxy Note 7៕

មតិយោបល់