ភ្នំពេញៈ ផ្លូវជាច្រើនខ្សែត្រូវរងការខូចខាត ដោយមានគ្រលុកតូច ធំ ជាច្រើន អាចប្រឈមគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ប៉ុន្តែមិនឃើញអាជ្ញាធរសង្កាត់ ឬខណ្ឌចុះមកដោះស្រាយបញ្ហានេះឡើយ។
ជាក់ស្ដែងផ្លូវ៣-៤ខ្សែ ក្នុងខណ្ឌទួលគោក សង្កាត់បឹងកក់២ គឺផ្លូវលេខ២៨៩ ចាប់ពីរង្វង់មូលទួលគោកដល់ផ្លូវ៥៦៦ មានគ្រលុក សូម្បីតែរថយន្តក៏ពិបាកធ្វើដំណើរឆ្លងកាត់ដែរ។ ផ្លូវ២៨៧ ចាប់ពីផ្លូវ៦១៤ផ្សារ៧ មករាដល់ផ្លូវ៦១៨ ខូចខាតស្ទើរទាំងស្រុង និងមានទឹកដក់ទៀតផង។ ផ្លូវ៦១៨ ចាប់ពីផ្លូវ៦១៨មកដល់ផ្លូវ២៨៧ មិនអាចដើរឆ្លងកាត់បានឡើយ ដោយមានភក់បែកម៉ាំ គឺដោយសាររថយន្តការដ្ឋានសំណង់ធំៗ (ការដ្ឋានសំណង់ UK CONDO ) ។ សូម្បីតែគ្រលុកនៅក្បែរស្ថានីយប្រេងឥន្ទះស៊ូគីម៉ិច ក៏អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរផងដែរ។
ទាក់ទិនបញ្ហាផ្លូវខូច ពលរដ្ឋសម្តែងការព្រួយបារម្ភថា មេឃមិនភ្លៀងមិនអ្វីទេ គ្រាន់តែពិបាកបើកបរបន្តិច តែនៅពេលយប់ ឬក៏មេឃមានភ្លៀងលិចផ្លូវ អ្នកបើកបរម៉ូតូអាចមានគ្រោះថ្នាក់ជាយថាហេតុ ពេលខ្លះទឹកសាចមកទទឹកខ្លួន ពេលខ្លះម៉ូតូរលត់ ហើយពេលខ្លះទៀតជិះៗធ្លាក់គ្រលុក បណ្តាលឲ្យដួលរងរបួសទាំងរាង្គកាយ និងខូចខាតទ្រព្យផងដែរ។ នៅពេលថ្មីៗនេះ មានអ្នកធ្វើដំណើរតាមផ្លូវទំនប់៧មករា ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ នាពេលយប់ បានជិះម៉ូតូធ្លាក់គ្រលុកបែកមុខបាក់ធ្មេញរងរបួសធ្ងន់ទៀតផង ដោយសារតែផ្លូវខូច។
លោក វ៉ាន់ សារ៉េត ចៅសង្កាត់បឹងកក់២ បានប្រាប់ឲ្យដឹងថា រាល់ផ្លូវទាំងអស់លោកទទួលស្គាល់ថា ពិតជាខូចមែន ដោយលោកបានបញ្ជាក់ថា ផ្លូវ២៨៩ខាងសាលារាជធានីភ្នំពេញ មានគម្រោងដាក់ប្រព័ន្ធលូថ្មី ហើយផ្លូវ២៨៧ ជាគម្រោងរបស់សាលាខណ្ឌទួលគោកឆ្នាំ២០១៧ ដោយឡែកផ្លូវ៦១៨ មិនទាន់ច្បាស់ថា ជាគម្រោងរបស់សាលាខណ្ឌទួលគោក ឬជាគម្រោងរបស់សាលារាជធានីភ្នំពេញនៅឡើយ។ ចំណែកការជួសជុកគ្រលុកសំបុកមាន់ក្នុងមូលដ្ឋានខណ្ឌទួលគោក លោកមិនប្រាកដខាងខណ្ឌជួសជុលកន្លែងណាខ្លះទេ ដោយមិនចាំ និងស្ថិតទៅលើថវិកាគម្រោងជួសជុលឆ្នាំ២០១៧។
ពលរដ្ឋរស់នៅក្នុងសង្កាត់បឹងកក់២នៅចំណុចស្តុបផ្ទះសំណាក់ស្រែលាភបានសំណូមពរដល់អាជ្ញាធរជួយដោះស្រាយផ្លូវខូច និងទឹកលិចផង ពេលមានភ្លៀងម្ដងៗ ២ទៅ៣ថ្ងៃ ទើបទឹកស្រកអស់។ ផ្លូវជាច្រើនខ្សែក្នុងខណ្ឌទួលគោកមានសភាពចាស់ហើយបូករួមទាំងគម្រោងអភិវឌ្ឍដាក់ប្រព័ន្ធលូថ្មី ទើបការជួសជុលយឺត ហើយមិនបានសន្យាកំណត់ពេលវេលាច្បាស់ឡើយ៕
មតិយោបល់