ស្ទឹងត្រែងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីរគ្រឿងបានព្រលះគ្នាពេញទំហឹង បណ្តាលម៉ូតូម្ខាងដាច់ក ជាពីរកំណាត់ និងមនុស្ស២នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោងប្រម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់-ក្រុង ខេត្តស្ទឹងត្រែង។
ជនរងគ្រោះទី១ ឈ្មោះ ជា តៃហ៊ អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិព្រែក ក្រុងស្ទឹងត្រែង។ ទី២.ឈ្មោះ ពុធ អាយុ២១ឆ្នាំ មុខរបរជាកម្មករដឹកប្រេងឲ្យស្ថានីយប្រេងឥន្ធនៈ យីហោ ស្រូយ រស្មី ដែលមានទីតាំងនៅជិត រង្វង់មូលថ្មី ស្ថិតក្នុងភូមិត្រពាំងព្រីង ក្រុងស្ទឹងត្រែង ហើយក៏ត្រូវជាក្មួយរបស់ថៅកែការ៉ាស់ប្រេងផងដែរ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុ គេបានឃើញម៉ូតូម៉ាកវ៉េវពណ៌ក្រហម លាយខ្មៅគ្មានស្លាកលេខ ជិះពីផ្សារក្នុងទិសដៅ ពីជើងមកត្បូងក្នុងបំណងបត់ចូល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បង់លុយឱ្យធនាគារ ខណៈនោះក៏មានម៉ូតូម៉ាឌ្រីម សង់ពណ៌ខ្មៅ គ្មានស្លាកលេខដូចគ្នាបោះពួយ យ៉ាងលឿនដឹកប្រេងទិសដៅបញ្ច្រាសគ្នា ជាន់ហ្វ្រាំងមិនជាប់បានបុកពេញទំហឹង ធ្វើឱ្យម៉ូតូម៉ាកឌ្រីមសង់ដឹកប្រេងដាក់កជាពីរកំណាត់ របួសធ្ងន់ទាំងសងខាង។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ម្នាក់ជិះម៉ូតូវ៉េវត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។តែដោយសាររបួសធ្ងន់ធ្ងរពេកត្រូវបានដឹកបន្តទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះម្នាក់ទៀតត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនក្នុងខេត្ត។
រីឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះវាស់វែង បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រង់ចាំភាគគីទាំងសងខាងចូលដោះ ស្រាយតាមផ្លូវច្បាប់៕
មតិយោបល់