ព័ត៌មានជាតិ

ជិះម៉ូតូពេលយប់ ត្រូវរថយន្តបុកស្លាប់ ហើយគេចខ្លួនបាត់

បន្ទាយមានជ័យៈ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញស្លាប់នៅលើដងផ្លូវ កាលពីវេលាម៉ោងប្រមាណជា៦ និង១៧នាទី យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ចំនុចស្ពានត្រពាំងធំខាងលិច ភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះបាននិយាយប្រាប់ អង្គភាពសារព័ត៌មាន Post News ឲ្យដឹងថា បន្ទាប់ពីពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះខាងលើ គឺបណ្តាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជនរងគ្រោះ ជាមួយរថយន្ត ដោយកន្លែងកើតហេតុមានសភាពស្ងាត់រថយន្តបង្កក៏បានបើកគេចខ្លួនបាត់ បន្សល់ទុកតែម៉ូតូដែលរងការខូចខាតជាមួយនិងសាកសពចោលនៅកន្លែងកើតហេតុប៉ុណ្ណោះ។

សមត្ថកិច្ចបានបន្តថា រហូតមកទល់ពេលនេះដែរ សពក៏នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសមត្ថកិច្ចកំពុងអំពាវនាវរកក្រុមគ្រួសារណាដែលបាត់បង់សមាជិក សពមានភិនភាគ ភេទប្រុស អាយុជាង៥០ឆ្នាំ ពាក់អាវយឺត បង្កង់ស្លៀកខោក្រណាត់ ខ្មៅជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1K -6470។ បច្ចុប្បន្នសពកំពុងតម្កល់ទុកក្នុងវត្តរហាលក្បែរកន្លែងកើតហេតុ ដើម្បីរង់ចាំសាច់ញាតិមកទទួលយក ៕

គ្រោះថ្នាក់ចរារណ៍គ្រោះថ្នាក់ចរារណ៍

មតិយោបល់