ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវចោរភ្ជង់នឹងអាវុធខ្លីវាយចំផ្ទៃមុខ ប្លន់យកម៉ូតូបានសម្រេច

ព្រះសីហនុៈ ស្ត្រីម្នាក់រងរបួសលើផ្ទៃមុខ បន្ទាប់ពីត្រូវបានចោរធ្វើសកម្មភាពភ្ជង់នឹងអាវុធខ្លីវាយចំផ្ទៃមុខ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៧និង២៥នាទី យប់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចទល់មុខផ្ទះសំណាក់ឈូកមាស ស្ថិតនៅក្រុម១១ ភូមិ៣ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានចោរប្លន់យកម៉ូតូខាងលើនេះមានឈ្មោះ ស្រេង គិមស៊ាង ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ចំណែកម៉ូតូដែលត្រូវបានចោរប្លន់យកទៅបាត់ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ធ្វើដំណើរត្រឡប់មកផ្ទះតែម្នាក់ឯង លុះបានមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងថដាសេ១២៥ ដោយជនសង្ស័យជាអ្នកបើកបរ ពាក់អាវសាច់ក្រណាត់ក្រឡាការ៉ូដៃវែង ចំណែកជនសង្ស័យជិះនៅពីក្រោយ ជាអ្នកកាន់កាំភ្លើងមិនស្គាល់ម៉ាករាងខ្ពស់ ស្តើង សម្បុរខ្មៅស្រអែម ពាក់អាវពណ៌ខ្មៅ បានធ្វើសកម្មភាពវាយនិងកាំភ្លើងទៅលើជនរងគ្រោះត្រូវចំផ្ទៃមុខខាងឆ្វេងបណ្តាលឲ្យរងរបួស ដេរចំនួន២ថ្នេរហើយយកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។

បច្ចុប្បន្នជនរងគ្រោះក្រោយព្យាបាលហើយបានវិលត្រឡប់ទៅលំនៅដ្ឋានវិញក្នុងករណីប្លន់នេះកម្លាំងសម្ថកិច្ចជំនាញខេត្តកំពុងធ្វើការពួនស្ទាក់និងស្រាវជ្រាវបន្ត៕

photo_2016-10-20_07-15-51ចោរប្លន់

មតិយោបល់