ព័ត៌មានជាតិ

Update: ឈ្លោះជាមួយស្រីស្នេហ៍តាមទូរស័ព្ទ ខឹងចិត្តលោតពីជាន់ទី៣ ស្លាប់

ភ្នំពេញ: កម្មករសំណង់វ័យក្មេងម្នាក់ បានដាច់ចិត្តលោតសម្លាប់ខ្លួនឯង ដោយសារតែមានជម្លោះជាមួយនឹងស្រីស្នេហ៍តាមទូរស័ព្ទ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់បាត់បង់ជីវិតក្រោយពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យទាំងខ្លួននៅវ័យក្មេងខ្ចី។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នៅខាងមុខផ្ទះលេខ២៧០ ផ្លូវព្រះសីហនុ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ផាន់ ផានិត អាយុ២២ឆ្នាំ មុខរបរជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិ កោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពដដែលបានបន្តថា មុនពេលកើរហេតុ យុវជនរងគ្រោះនៅនិយាយទូរស័ព្ទខាងក្រោម ជាមួយក្រុមជាងមួយក្រុមទៀតមានគ្នាប្រមាណជា៤ទៅ៥នាក់ និងបាននាំគ្នាទិញស្រាយកទៅអង្គុយផឹកនៅលើជាន់ទី៣ ដោយផឹកបានមួយសន្ទុះជនរងគ្រោះក៏ឡើងទៅផឹកជាមួយដែរ ដោយមាននិយាយទូរស័ព្ទផង។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលជនរងគ្រោះកំពុងតែផឹកស្រានោះ ដោយនិយាយទូរស័ព្ទជាមួយនឹងស្ត្រីម្នាក់ផងដែរ ដែលគេដឹងថា ជាស្រីស្នេហ៍របស់គេដោយនិយាយយ៉ាងតឹងសសៃកដាក់គ្នា ហើយមិនមានអ្នកណាម្នាក់បានដឹងថា ពួកគេមានរឿងអ្វីនោះឡើយ ស្រាប់តែភ្លាមៗនោះ ក៏ដើរទៅលោតបណ្តាលឲ្យធ្លាក់ទៅដល់ដីរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុ រថយន្តសាម៉ុយក៏បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែសភាពជំងឺធ្ងន់ធ្ងរពេកជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ទើបក្រុមគ្រួសារបញ្ជូនយកទៅកាន់ស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់