ស្វាយរឿងៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប កាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ បានបើកប្រតិបត្តិការចុះបង្ក្រាបអ្នកញៀនល្បែងជល់មាន់ ស្ថិតក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
អធិការនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ការចុះបង្ក្រាបក្រុមអ្នកលែងល្បែងជល់មាន់នេះ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចភូមិសាស្ត្រខាងលើ បានលួចលេងល្បែងជល់មាន់ភ្នាល់ដាក់លុយ បន្ទាប់មកលោកបានបញ្ជាកម្លាំងចុះទៅបង្ក្រាបភ្លាមៗតែម្តង ខណៈកម្លាំងយើងចុះទៅដល់ទីតាំងនោះ ស្រាប់តែក្រុមអ្នកញៀនល្បែងដូចជាដឹងខ្លួនជាមុន នាំគ្នារត់គេចខ្លួនដោយអ្នកខ្លះជិះម៉ូតូរត់គេចចេញ ហើយអ្នកខ្លះទៀតរត់យកតែរួចខ្លួន បន្សល់ទុកម៉ូតូ៦គ្រឿង និងមាន់ជល់១០ក្បាល និងស្បែកជើងជាច្រើនគូផងដែរ។
លោកអធិការបានបន្តថា ប្រជាពលរដ្ឋដែលនាំគ្នាមកលេងល្បែងជល់មាន់នេះ ពុំមានទីតាំងពិតប្រាកដនោះទេ គឺតែងតែចល័តណាត់គ្នាមកលេងត្រង់ចំណុចណាមួយហើយស្ងាត់ ពិបាកសមត្ថកិច្ចយើងចុះបង្ក្រាប។ បច្ចុប្បន្នវត្ថុតាង ត្រូវកម្លាំងនគរបាលដឹកយកមក រក្សាទុកនៅអធិការស្រុកស្វាយទាប ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់