ភ្នំពេញៈ យ៉ាងហោចណាស់ក្រុមចោរប្លន់ប្រដាប់អាវុធ ដោយប្រើប្រាស់កាំភ្លើងAK ចំនួន៨នាក់ក្នុងចំណោមបក្ខពួកទាំងអស់ចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ខាងលើ ទី១ឈ្មោះ អ៊ី សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី២ឈ្មោះ សាត ធីម ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិទួលតានាង ឃុំកែស្រទាប់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ទី៣ ឈ្មោះ ស្វាយ តាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិរាមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទី៤ឈ្មោះ សួន ប៊ុនធឿ ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ទី៥ ឈ្មោះ អឿន សុផា ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិថ្មី ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ទី៦ ឈ្មោះ មាស ធីម ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិប្រសប់ជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ទី៧ ឈ្មោះ សួង ធី ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅភូមិទួលរកា ឃុំស្អាងលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជនសង្ស័យទី៨ឈ្មោះ ហម ហាន ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែក បក្ខពួកចំនួន ៣នាក់ទៀតដែលកំពុងរត់គេចខ្លួន ទី១ឈ្មោះ ភ័ណ្ឌ ទី២ឈ្មោះ រ៉ា និងទី៣ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
គួររំឭកថា ក្រមជនសង្ស័យទាំង៨នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ ក្រោយពីពួកគេបានធ្វើសកម្មភាពប្លន់ បាញ់សម្លាប់ម្ចាស់ផ្ទះលក់ស្រូវមួយកន្លែងនៅភូមិព្រៃក្រាយ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយមកពួកគេបានរៀបចំធ្វើសកម្មភាពប្លន់ផ្ទះវេលុយវីង នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ប៉ុន្តែមិនបានសម្រេចក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ សមត្ថកិច្ចដកហូតបាន កាំភ្លើង ម៉ាកAK47 ចំនួន៣ដើម,មានបង់ចំនួន ៣បង់ ,គ្រាប់ចំនួន ៦១គ្រាប់, ខោអាវប៉ារ៉ា ចំនួន ២, និងសម្ភារៈមួយចំនួនទៀត។
សូមបញ្ជាក់បន្ថែម សំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់ លោកស្រី កែវ សុគន្ធា ជាតំណាងអយ្យការ ហើយដំណើរការសាកសួរនារសៀលថ្ងៃទី៩ មករា នៅមិនទាន់បញ្ចប់នៅឡើយទេ គឺនឹងបន្តនៅព្រឹកថ្ងៃទី១០មករា នេះផងដែរ៕
https://youtu.be/ewxGPMxiARA
មតិយោបល់