ពោធិ៍សាត់ៈ បុរសម្នាក់ បើកម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកគូទគោយន្តកន្ត្រៃដឹកអុស ចំពីក្រោយពីទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១២នាទី យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបឹងសណ្តាន់ តាមបណ្តោយផ្លូវគ្រួសក្រហម ក្នុងភូមិកំរែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ភឿក រ៉ែម ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ជាអ្នកបើកបរម៉ូតូ។ ចំណែកគោយន្ត កន្ត្រៃនិងអ្នកបើកបរ បានបើកគេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញ ម៉ូតូជនរងគ្រោះ ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅ ពីលិចទៅកើតស្របទិសគ្នា លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះ បានជ្រុលទៅបុកគូទគោយន្តកន្ត្រៃ ដឹកអុស ដែលកំពុងបើកបរនៅខាងមុខស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកគោយន្តកន្ត្រៃបានដាក់មេប្រ៉ូច រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ។ចំណែកម៉ូតូត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលស្វាយស រង់ចាំគ្រួសារមកទទួលយកទៅវិញ៕
មតិយោបល់