ព័ត៌មានជាតិ

រថយន្តសាលារៀនបង្រៀនបើកបរ២ធ្នូ ទើសមុខបុកខ្ទេច!..

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តសាលាបង្រៀនបើកបរ២ធ្នូ បើកបរខ្វះការប្រុងប្រយត្ន័ ស្លន់ច្រឡំជាន់ហ្គែរថាជាហ្វ្រាំងជ្រុលទៅបុកម៉ូតូសេ១២៥ បណ្តាលឲ្យបុរសម្នាក់រងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ចំណែកម្នាក់ទៀតរងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៦និង២០នាទី ល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចច្រកចូល វិមាន សុភមង្គល ផ្លូវបេតុង អត់លេខ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់បែកក្បាលខាងលើនេះមានឈ្មោះ ជិន យ៉ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅភូមិតាគោក ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកអ្នករងរបួសម្នាក់ទៀតមានឈ្មោះ ហាត់ កែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រូបង្រៀនបើកបររថយន្ត២ធ្នូ ស្នាក់នៅផ្ទះអត់លេខ ផ្លូវ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាអ្នករួមដំណើរក្នុងរថយន្ត ចំណែកកូនសិស្សដែលជាអ្នកបើករថយន្ត រត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានមុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះ បានជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FI-9106 បានធ្វើដំណើរតាមផ្លូវ បេតុងចូលច្រកវិមានសុភមង្គល ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរស២នាក់ ម្នាក់ជាគ្រូបង្រៀនបើកបរ និងម្នាក់ទៀតជាកូនសិស្ស បានបើករថយន្តបង្រៀនបើកបរ ២ធ្នូ ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2F-7807 បានរៀនបើកបរ តាមផ្លូវបេតុងចូលច្រកវិមានសុភមង្គល ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើត ដោយកូនសិស្សស្ទើរភ្លើងជាអ្នកបើក ខណ:មកដល់ចំណុចកើតហេតុ អ្នកបើករថយន្តបានជាន់ហ្គារច្រឡំថាជាហ្រាំង បានជ្រុលទៅបុកម៉ូតូដែលជិះដោយបុរសម្នាក់ពេញទំហឹង អូសម៉ូតូក្រោមរថយន្តរុញផ្ទុបទៅបុកនឹងរបងផ្ទះ បណ្ដាលឲ្យបាក់សសរ របងផ្ទះប្រពលរដ្ឋអស់១ដើម កល់រថយន្តទៅមុខលែងរួច បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួស បែកមុខបែកក្បាលរយះដល់លលាដ៍ក្បាលធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន សួគ៌ា។ ចំណែកខាង កូនសិស្សដែលជាអ្នកបើកបររថយន្តបង្ក រងរបួសស្រាលបានរត់គេចខ្លួនបាត់ បន្សល់ទុកគ្រូបង្រៀនម្នាក់រងរបួសបែកមុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។ រីឯ
រថយន្តរងការខូចខាតស្រុញផ្នែកខាងមុខ ផ្ទុះពោងសុវត្ថិភាពទាំងពីរ កល់ម៉ូតូនៅក្រោមរថយន្ត ផ្ទុបជាប់របងផ្ទះនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចជំនាញមកវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ តាមផ្លូវច្បាប់៕

//youtu.be/RPmnnzBEGr4

មតិយោបល់