ព័ត៌មានជាតិ

ឆ្លៀតឱកាសរោងចក្រអត់ធ្វើការ ចោរចូលផ្តាច់ប្រព័ន្ធកាមេរ៉ា លួចគាស់ទូដែកយកលុយអស់ជិត២០០០ដុល្លារ

ភ្នំពេញ: រោងចក្រផលិតចំណីសត្វ ភី ដាប់បែលយូ អ (P W R) ដែលមានទីតាំងស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ខណ:ដែលរោងចក្រសម្រាក ការងារថ្ងៃចុងសប្តាហ៍ បែរជាចោរ ចូលទៅផ្តាច់ប្រព័ន្ធកាមេរ៉ាសុវត្តិភាព ចូលទៅគាស់ទូដែលលួចលុយអស់ជិត២០០០ដុល្លារ បង្កឲ្យភ្ញាក់ផ្អើល គ្រាដែលកម្មករ ក្រុមហ៊ុនចូលធ្វើការថ្ងៃច័ន្ទវិញ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩នេះ ។

តាមបុគ្គលិកក្រុមហ៊ុន បានឲ្យដឹងថា រោងចក្រផលិតចំណីសត្វខាងលើ ឈប់សម្រាកចុងសប្តាហ៍ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ពុំមានកម្មករ ឬបុគ្គលិកណាធ្វើការឡើយ បិទទ្វារចាក់សោចោល មានតែសន្តិសុខយាម ប្រចាំ២៤ម៉ោងលើ២៤ម៉ោង ស្រាប់តែនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមិនា នេះក្រុមហ៊ុនតម្រូវចូលបម្រើការងារវិញ នាំគ្នា ចូលមក ស្រាប់តែ បន្ទប់រដ្ឋបាលជាន់ទី១ មានសភាពខុសប្រក្រតី ទូដែកត្រូវបានជនសង្ស័យ គាស់បំបែក យកលុយក្នុងនោះជិត២ពាន់ដុល្លារ ហើយជនសង្ស័យបំផ្លាញភស្តុតាង ដោយលួចផ្តាច់យកក្បាល DVR ទន្ន័យ របស់កាមេរ៉ាសុវត្តិភាពទៅបាត់ ។

ក្រោយពីភ្ញាក់ផ្អើល ចោរកម្ម លួចលុយក្នុងរោងចក្រផលិតចំណីសត្វរួចមក សមត្ថកិច្ចទាំងមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌ កោសល្យវិច័យក្រុង ចុះទៅពិនិត្យ សាកសួរ និងស្រាវជ្រាវ ជុំវិញបទល្មើសខាងលើ ៕

មតិយោបល់