ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងកណ្ដាលរាត្រីមួយបានបណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេហួសចិត្ត និងរិះគន់គ្រប់ៗនោះ គឺម្ចាស់រថយន្តស៊េរីទំនើប BMW បែរជាចេញពីរថយន្តយកកាំភ្លើងភ្ជង់គំរាមបាញ់គេឯង ផ្អើលអស់សមត្ថកិច្ចទាំងយប់ ខណៈប្រជាពលរដ្ឋចេញជួយអន្តរាគមន៍។
បើតាមសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១២៖២០នាទី រំលងអធ្រាត្រចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់បឹងកេងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ រវាងរថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0089 និងរថយន្តម៉ាក តូយូតាកូរ៉ូឡា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2P-8368។
សមត្ថកិច្ចបន្តឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក BMW បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ៣៦០ ក្នុងល្បឿនយ៉ាងលឿនពីជើងទៅត្បូង។ លុះមកដល់កន្លែងកើតហេតុ កែងនឹងផ្លូវលេខ៥១ ក៏មានរថយន្តកូរ៉ូឡាមួយគ្រឿង បានមកដល់ ទើបរថយន្តទាំងពីរ បុកគ្នាពេញទំហឹង ធ្វើឲ្យមនុស្សប្រុសស្រី២នាក់ ជិះក្នុងរថយន្តកូរ៉ូឡា ហោះផ្លោងចេញពីរថយន្តកូរ៉ូឡា បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្ដង។
ប៉ុន្តែអ្វីដែលធ្វើឲ្យគេគ្រប់គ្នាហួសចិត្ត និងរិះគន់យ៉ាងខ្លាំង ចំពោះចរិកកោងកាចរបស់អ្នកមានលុយនោះ គឺបន្ទាប់ពីកើតហេតុ ម្ចាស់រថយន្ត BMW បានបន្តបើករថយន្តព្យាយាមរត់គេចពីកន្លែងកើតហេតុ ដោយឃើញបែបនោះ ប្រជាពលរដ្ឋក៏នាំគ្នារត់ដេញតាមចាប់ ស្រាប់តែម្ចាស់រថយន្តស៊េរីទំនើប BMW ដកកាំភ្លើងខ្លី ភ្ជង់គំរាមរកបាញ់ទៅវិញ។ ដោយឃើញហេតុការណ៍មិនស្រួល ប្រជាពលរដ្ឋក៏នាំគ្នាដកថយ ព្រោះខ្លាចត្រូវបុរសជាអ្នកបើកបររថយន្តនោះបាញ់ ហើយបុរសនោះ ក៏មានឱកាសគេចខ្លួនបាត់តែម្ដង។ នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នោះ។
ទោះជាយ៉ាងណា ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមក្រោយ។ រីឯជនរងគ្រោះប្រុសស្រីទាំងពីរនាក់ ដែលរងរបួសធ្ងន់ធ្ងរ ក៏ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះផងដែរ៕
មតិយោបល់