ភ្នំពេញៈ មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីរឿង «អាមោកលក់ម៉ាំ» ដែលត្រូវគេអះអាងថា បានផលិតឡើងអស់ប្រាក់ច្រើនម៉ឺនដុល្លារ ស្រាប់តែបានប្រកាសថា មិនដាក់បញ្ចាំង ឬទុកចោល ដោយសារតែហេតុផលលោកប៉ែន ចំរ៉ុង គឺជាតួសម្ដែង។ ការសម្រេចនេះ គឺដោយសារខាងផលិតករបញ្ជាក់ថា ប៉ែន ចំរ៉ុង បានក្លាយជាតារារងការរិះគន់ដោយសារព័ត៌មានបែកបាក់ជាមួយ ភិន សុដាលីស ជាភរិយាមានអេតាស៊ីវិលនោះ។
លោក អ៉ិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាផលិតកររឿង«អាមោកលក់ម៉ាំ» បានអះអាងថា មិនមែនដោយសារតែហេតុផលលោក ប៉ែន ចំរ៉ុង បាក់បែកជាមួយកូនស្រីរបស់លោក ហើយលោកសម្រេចចិត្តមិនបញ្ចាំងរឿងដែលបានថតចប់នោះទេ។ លោកថា ខ្លួនគឺជាអ្នកបុគ្គលមុខជំនួញ ដូច្នេះលោកមិនខ្វល់ពីរឿងបុគ្គលរវាងលោកប៉ែន ចំរ៉ុង និងភិន សុដាលីស ជាដាច់ខាត។ ប៉ុន្តែបណ្ដាលមកពីលោកទទួលបានការរិះគន់ច្រើនពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោកប៉ែន ចំរ៉ុង ច្រើន ទើបលោកយល់ថាបើហ៊ានតែដាក់បញ្ចាំងរឿង«អាមោកលក់ម៉ាំ»នៅក្នុងពេលនេះ គឺពិតជាគ្មានអ្នកមើល ឬអាចនិយាយបាននឹងខាតឡុងចុង។ លោកថាខ្លួនសុខចិត្តកប់រឿងនោះចោល ដោយមិនសុខចិត្តដាក់បញ្ចាំងនាំឲ្យខូចឈ្មោះផលិតកម្ម ព្រោះតែដាក់បញ្ចាំងរឿងហើយមិនទទួលបានការគាំទ្រជាដាច់ខាត។ យ៉ាងណាមិញ លោកថា បើលោក ប៉ែន ចំរ៉ុង ត្រូវបានមហាជនកាត់បន្ថយការរិះគន់ នោះលោកនឹងសម្រេចចិត្តដាក់បញ្ចាំងរឿង«អាមោកលក់ម៉ាំ» ដើម្បីស្រង់ដើម ប៉ុន្តែបើដូចបច្ចុប្បន្នគឺលោកសុខចិត្តបោះលុយដែលបានផលិតនោះចោលដោយមិនព្រមឲ្យរឿងជាស្នាដៃរបស់មហាហង្សខូចឈ្មោះព្រោះគ្មានអ្នកមើលនោះទេ៕
មតិយោបល់