ព័ត៌មានជាតិ

សង្ឃ៣អង្គដោះស្បង់ចីវរ ពាក់ខោអាវ នាំកូនសិស្សទៅច្រៀងខារ៉ាអូខេ

ភ្នំពេញ: សង្ឃ៣អង្គ រួមនឹងកូនសិស្ស៤នាក់ ខណ:កំពុងជិះម៉ូតូធ្វើដំណើរបំណងទៅច្រៀងខារ៉ាអូខេ មិនទាន់ដល់ផង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចស្តុបណតប្រ៊ីជ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងអន្តរាគមន៍ពិសេសខណ្ឌសហការជាមួយកម្លាំងចម្រុះក្រុងបានដាក់គោលដៅត្រួតពិនិត្យនៅចំណុចខាងលើ ពេលនោះស្រាប់តែមានម៉ូតូ៣គ្រឿងជិះគ្នា៧នាក់ ហើយក៏ត្រូវកម្លាំងឃាត់ ដើម្បីត្រួតពិនិត្យ បន្ទាប់ពីមានការសង្ស័យទៅលើយុវជន៣នាក់គ្មានសក់ ក្នុងចំណោម៧នាក់ ខណ:នោះពួកគេបានឆ្លើយថា ខ្លួនជាព្រះសង្ឃគង់នៅក្នុងវត្តស្ទឹងមានជ័យ ហើយគ្រោងធ្វើដំណើរទៅច្រៀងខារ៉ាអូខេនៅម្ដុំផ្លូវ២០០៤ ប៉ុន្តែមិនទាន់ដល់ផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

អ្នកទាំង៧នាក់នោះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ទី១.ឈ្មោះ ទូ ផាន់និត អាយុ២២ឆ្នាំ ទី២ឈ្មោះ ណុក តួ អាយុ២២ឆ្នាំ ទី៣.ឈ្មោះ មាឃ សីហា អាយុ២២ឆ្នាំ ទី៤.ឈ្មោះ ជុន វិចិត្រ អាយុ២២ឆ្នាំ ទី៥.ឈ្មោះ សុខ ពិសិដ្ឋ អាយុ២៥ឆ្នាំ ទី៦.ឈ្មោះ សុក ឡុង អាយុ១៨ឆ្នាំ និងទី៧.ឈ្មោះ សុវណ្ណ អាយុ២២ឆ្នាំ។

បច្ចុប្បន្នអ្នកទាំង៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

photo_2016-10-04_17-26-05

មតិយោបល់