ភ្នំពេញៈ ក្រុមសន្តិសុខដែលកាងនៅផ្សារហ្គោលដិនសូរិយាម៉ល ដែលជាផ្សាររញ៉េរញ៉ៃពោរពេញទៅដោយគ្រឿងញៀននោះ បានព្រួតគ្នាវាយលើជនបរទេស និងស្រ្តីជាសង្សារបណ្តាលឲ្យរងរបួសបែកមុខបែកមាត់ រួចគេចខ្លួនបាត់ កាលពីវេលាម៉ោង២និង២០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ចំណុចក្នុងផ្សារហ្គោលដិនសូរិយាម៉លដែលមានទីតាំង នៅផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញបុរសជនបរទេសស្បែកសម្នាក់ បាននាំមិត្តស្រីជាខ្មែរមកផឹកស៊ីនៅក្នុងផ្សារហ្គោលដិនសូរិយាម៉ល ពេលជនបរទេសស្រវឹងស្រឿងៗបានឡូឡា ក៏ត្រូវក្រុមសន្តិសុខកាងនៅផ្សារនោះ មករករឿងឈ្លោះប្រកែក និងជនបរទេសរូបនោះ ពេលនោះ ស្រ្តីជាសង្សារបានទៅឃាត់កុំឲ្យឈ្លោះគ្នាស្រាប់តែសន្តិសុខបានដាល់ និងទះកំផ្លៀង បណ្តាលឲ្យស្ត្រីខ្មែរជាសង្សារបស់ជនបរទេសរូបនោះ រងរបួសបែកមុខមាត់រួចក្រុមជនដៃដល់ទាំងនោះក៏គេចខ្លួនបាត់អស់តែម្តង។
ប្រភពដដែលបានបន្តថា បន្ទាប់ពីមានហេតុការណ៍វាយតប់គ្នាបណ្តាលឲ្យរបួសស្នាមគ្នានោះ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍កន្លែងកើតហេតុរួចនាំនារីរងគ្រោះព្យាបាលរបួស និងទទួលពាក្យបណ្តឹងពីជនរងគ្រោះ៕
មតិយោបល់