ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេច ហ៊ុន សែន ៖ ផ្សារស្ទឹងសែនទាំងមូល ផ្តល់ជូនបងប្អូនអាជីវករលក់ដូរអស់មួយជីវិត

កំពង់ធំ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នេះបានធ្វើដំណើរតាមរថយន្តដល់ទីរួមខេត្តកំពង់ធំហើយ នឹងបានចុះជួបប្រជាពលរដ្ឋ មន្ត្រីរាជការ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករនៅផ្សារស្ទឹងសែន (ហៅផ្សារចាស់)ផងដែរ។

សម្តេចតេជោបានមានប្រសាសន៍ទៅកាន់បងប្អូនអាជីវករផ្សារស្ទឹងសែនថា ខ្ញុំរីករាយណាស់ ដែលបានចុះជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារស្ទឹងសែន (ហៅផ្សារចាស់) នៅទីរួមខេត្តកំពង់ធំដ៏ស្រស់ស្អាតនេះ។ សម្តេចបានមានប្រសាសន៍ទៀតថា ផ្សារនេះ គឺខ្ញុំបានផ្តល់ថវិកាជួសជុលដំបូលផ្សារដល់អាជីវករនៅទីនេះ។ តាមការសំណេះសំណាលកាលពីព្រឹកនេះដែរ ខ្ញុំមានការភ្ញាក់ផ្អើល ដែលមានបងប្អូនមួយចំនួនធំមិនទាន់បានដឹងច្បាស់អំពីអាណត្តិនៃការលក់ដូរក្នុងផ្សារនេះ។

ទន្ទឹមនឹងនេះសម្ដេចបានបញ្ជាក់ជូនបងប្អូនអាជីវករមួយចំនួន ដែលនៅមិនទាន់ដឹងច្បាស់ពីតូបលក់ដូររបស់ខ្លួននោះ ដោយសម្តេចតេជោបានប្រាប់ថា ខ្ញុំសូមបញ្ជាក់ជូនបងប្អូនអាជីវករផ្សារស្ទឹងសែនទាំងមូលឲ្យបានជ្រាបថា ចាប់ពីថ្ងៃនេះ ផ្សារនេះនឹងផ្តល់ជូនបងប្អូនអាជីវករលក់ដូរអស់មួយជីវិត។ បងប្អូនអាជីវករក្រោយពីបានស្តាប់ការបញ្ជាក់យ៉ាងច្បាស់បែបនេះ ពួកគាត់មានការត្រេកអរយ៉ាងខ្លាំងដល់សម្តេចតេជោ ដែលបានស្គាល់ពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។

នៅថ្ងៃដដែលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តកំពង់ចាម៕

មតិយោបល់