អចលន​ទ្រព្យ

រដ្ឋ កំពុងសិក្សាផ្លូវកាត់ពី បាត់ដំបង ទៅ កោះកុង ចុះដល់ កំពង់ផែទឹកជ្រៅតែម្តង

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាលើ គម្រោងផ្លូវ ១៥៥១ កាត់ពីខេត្តបាត់ដំបង ចុះមក ខេត្តកោះកុង។

ការសិក្សាលើគម្រោងកំណាត់ផ្លូវនេះ គឺដើម្បីសម្រួលដល់ ការដឹកកសិផលនានាពី បាត់ដំបង ប៉ៃលិន មកកាន់ កំពង់ផែទឹកជ្រៅតែម្តង មិនចាំបាច់ប្រើ កំពង់ផែ របស់ប្រទេសថៃទៀតទេ។

ភាគីជប៉ុន បានឯកភាពលើគម្រោងពង្រីកចំណតកំពង់ផែកុងតឺន័រ ខេត្តព្រះសីហនុ ដែលចំណាយទុនប្រមាណ ២០០លានដុល្លារអាមេរិក ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២។

លោកបន្តថា រដ្ឋាភិបាល ក៏មានគម្រោងសាងសង់ផ្លូវកាត់ពី ខេត្តបាត់ដំបងចុះមក ខេត្តកោះកុង ដើម្បីជម្រុញការដឹកជញ្ជូនឲ្យកាន់តែងាយស្រួល ទៅដល់ផែទឹកជ្រៅខេត្តព្រះសីហនុតែម្តង។

ក្នុងនោះដែរ កម្ពុជា ក៏បានស្នើសុំភាគីជប៉ុន ជួយរៀបចំប្លង់មេ Logistics ដើម្បីកាត់បន្ថយតម្លៃ Logistics នៅកម្ពុជាឲ្យកាន់តែទាប ហើយស្នើសុំជួយរៀបចំគម្រោង EDI ទាក់ទងនឹងការលើកដាក់ទំនិញនៅចំណតផែ ដោយសារឯកសារចេញចូលធ្វើដោយដៃទាំងអស់ ចំណាយពេលយូរណាស់ ចង់ដាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ។

សម្រាប់គម្រោងកសាងចំណតផែមានប្រវែង ៣៣០ម៉ែត្រ និងជម្រៅ ១៤ម៉ែត្រកន្លះ នឹងបំពាក់ដោយឧបករណ៍គ្រឿងចក្រទំនើបៗ ដើម្បីឆ្លើយតបនឹងកំណើននៃការផ្តល់សេវាកម្ម នៅក្នុងកំពង់ផែនេះ។

រីឯគម្រោងកំពង់ផែទឹកជ្រៅកម្ពុជា ១៣ម៉ែត្រកន្លះ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨ខាងមុខនេះ​ អាចជួយកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូនតាមផ្លូវសមុទ្រ បានប្រមាណពី ៣០០ ដល់ ៤០០ដុល្លារអាមេរិក ក្នុង ១កុងតឺន័រ។ នេះបើយោងតាមការឲ្យដឹងពីលោក លូ គឹមឈន់ អគ្គនាយកកំពង់ផែខេត្តព្រះសីហនុ។

កំពង់ផែថ្មីនេះ អាចទទួលនាវាធំៗខ្នាតយក្សប្រមាណ ៩៣ភាគរយ មកពីជុំវិញពិភពលោក ដឹកកុងតឺន័រចូលចតបាន អាចធ្វើឲ្យតម្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជា ចុះទាប អាចប្រហាក់ប្រហែលប្រទេសជិតខាង ហើយបរិមាណកុងតឺន័រឆ្លងកាត់ អាចលើសពី ១លានកុងតឺន័រ ក្នុងមួយឆ្នាំ។

ការកាត់បន្ថយចំណាយនេះ នឹងធ្វើឲ្យទំនិញចេញចូល កាន់តែមានការប្រកួតប្រជែង និងធ្វើឲ្យប្រសិទ្ធភាពសេដ្ឋកិច្ច កាន់តែប្រសើរឡើង។

គួរជម្រាបដែរថា ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ទាំងផ្លូវ ផ្លូវដែក និងកំពង់ផែ៕

មតិយោបល់