បច្ចុប្បន្ន គម្រោងរថភ្លើងអាកាសដំបូងចេញពីភ្នំពេញ ទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ (តំបន់ព្រែកព្នៅ) កំពុងស្ថិតក្រោមការសិក្សារបស់អង្គការ JICA ដែលនេះជាគម្រោងថ្មីមួយទៀត សម្រាប់ប្រព័ន្ធរថភ្លើងអាកាសនៅរាជធានីភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
យ៉ាងណាមិញ គម្រោងរថភ្លើងអាកាសដំបូងបង្អស់នៅកម្ពុជា កំពុងស្ថិតក្រោមការសិក្សារបស់អង្គការ JICA ដែលគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ ហើយតាមគោលដៅគ្រោងទុក កម្ពុជា នឹងមានប្រព័ន្ធរថភ្លើងអាកាសស្វ័យប្រវត្តិនេះ មុនឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។
កាលពីពេលថ្មីកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា គម្រោងរថភ្លើងអាកាស តម្លៃជាង ៨០០លានដុល្លារអាមេរិក ប្រវែង ១៨គីឡូម៉ែត្រ នឹងបើកចេញពី ផ្សារធំថ្មី ទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានឯកភាពឲ្យមានការសិក្សាលើ គម្រោងរថភ្លើងធុនស្រាលលើអាកាសនៅកម្ពុជា ជាការឆ្លើយតបទៅនឹង ការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឲ្យភាគីជប៉ុន ជួយកសាងខ្សែរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសនៅកម្ពុជា។
បើយោងតាមផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង ឆ្នាំ ២០៣៥ គម្រោងខ្សែរថភ្លើងនេះ អាចនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២០ និងបញ្ចប់ក្នុងឆ្នាំ ២០២៣ ដោយគម្រោងដំបូងមានប្រវែង ១៨គីឡូម៉ែត្រ និងចំណាយប្រមាណ ៨០០លានដុល្លារអាមេរិក។
រថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស ជាមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏មានប្រសិទ្ធិភាព ដែលរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ហើយទីភ្នាក់ងារ JICA ក៏បានស្នើសុំសិក្សាបន្ថែមលើ ផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធ ដើម្បីដំណើរការក្នុងរាជធានីភ្នំពេញ។
តាមការឲ្យដឹងពីតំណាង JICA គឺពួកគេអាចចាប់ផ្តើមសិក្សាពីចំនុចមហាវិថីព្រះមុនីរ៉េត (ស្តាតអូឡាំពិក) ទៅកាន់ចោមចៅ (ព្រលានយន្តហោះអន្តរជាតិភ្នំពេញ)។
នៅពេលដែលគម្រោងនេះ សម្រេចបាន វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយពេលវេលាធ្វើដំណើរ ក៏ដូចជាការលើកស្ទួយដល់សេវាដឹកជញ្ជូន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជាង ១៥៧លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ទាំងស្រុងត្រឹមឆ្នាំ ២០២០ ខណៈពេលនេះ កំពុងសាងសង់ក្នុងដំណាក់កាលទី ២ផងដែរ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ ពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក វ៉ាហេង ដាវុធ ប្រធានស្ថាបត្យករនៃគម្រោងនេះ បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិនេះ នឹងក្លាយជាចំណុចសំខាន់នៃប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលនឹងតំណាងឲ្យនិមិត្តរូបវប្បធម៌ពីអតីតកាល និងជានិមិត្តរូបនៃស្នាដៃនាសម័យទំនើប។
សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឥតសំណងប្រមាណ ១៥៧លានដុល្លារអាមេរិក ដើម្បីសាងសង់ពហុកីឡដ្ឋានមរតកតេជោ សម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ ២០២៣ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងកាលពីពេលថ្មីៗនេះ។
ពហុកីឡដ្ឋាននេះ ចាប់ផ្តើមការដ្ឋានសាងសង់តាំងពីឆ្នាំ ២០១៣ និងបែងចែកជា ៣ដំណាក់កាល ហើយគ្រោងនឹងចំណាយពេលប្រមាណ ៧ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ជាស្ថាពរ។
នៅក្នុងបរិវេណពហុកីឡដ្ឋាននេះ មានកន្លែងស្នាក់នៅរបស់កីឡាករ ទីលានបាល់ទាត់ ទីលានអត្តពលកម្ម សាលបាល់បោះ សាលបាល់ទះ សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម។
លើសពីនេះទៅទៀត ពហុកីឡដ្ឋានមរតកតេជោ ក៏មានទីធ្លាសម្រាប់កម្មវិធីជាតិដូចជា ការតាំងពិព័រណ៍ផ្សេងៗ ការប្រគុំតន្រ្តី ការិយាល័យ ហើយហ៊ុំព័ទ្ធដោយអគារស្នាក់នៅ អាហារដ្ឋាន សណ្ឋាគារខ្នាតយក្ស សួនទឹកកំសាន្ត។
គួរបញ្ជាក់ដែរថា គម្រោងនេះ ស្ថិតនៅតំបន់ព្រែកក្តាម ក្បែរស្ពានលីយ៉ុងផាត់ កំពុងសាងសង់នៅលើផ្ទៃដីជាង ៨៥ហិកតា ហើយអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៧ម៉ឺននាក់៕
មតិយោបល់