ស្ពានអាកាសផ្សារដីហុយ ស្ថាបនាសម្រេចបាន ៩០ភាគរយហើយ គិតមកទល់ពេលនេះ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ កាលពីចុងខែសីហា ឆ្នាំ ២០១៦កន្លងមក។ នេះបើយោងតាមទីភ្នាក់សារព័ត៌មានជាតិ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសទី ៥ ស្តុបផ្សារដីហុយ ដែលទទួលការស្ថាបនាដោយ ក្រុមហ៊ុនចិន មិនបានដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរទេ។
ស្ពានអាកាសទី៥ នៅស្តុបផ្សារដីហុយមកដល់ពេលនេះ សម្រេចបានប្រមាណជិត ៩០ភាគរយហើយ ខណៈដែលសំណង់ខាងក្រោមសម្រេចបាន ១០០ភាគរយ តែការងារនេះនៅតែបន្ដខិតខំពន្លឿនឱ្យបានបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០១៨នេះ ដោយ សារតែតួស្ពានទាំងមូលមិនទាន់បានភ្ជាប់ទាំងស្រុងនៅឡើយ។
លោក សាំ ពិសិដ្ឋ បន្តថា បើតាមគម្រោងត្រូវបញ្ចប់នៅបំណាច់ខែធ្នូ ឆ្នាំ២០១៧ ហើយភាពយឺតយ៉ាវនេះ បណ្តាលមកពីខ្វះសម្ភារ គ្រឿងសំណង់ ឧបករណ៍ប្រើប្រាស់ ការដោះស្រាយផលប៉ះពាល់បណ្ដាញអគ្គិសនី និងរួមទាំងទីតាំងតូចចង្អៀតផងដែរ។
មន្ត្រីជំនាញផ្នែកបច្ចេកទេសបានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានភាពយឺតយ៉ាវ មិនបានឱ្យរួចរាល់ទៅតាមគម្រោងនោះ គឺដោយមានបញ្ហាផលប៉ះពាល់ជាច្រើន។
ស្ពានអាកាសស្តុបផ្សារដីហុយ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ ជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសចោមចៅ គ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខ៕
មតិយោបល់