អចលន​ទ្រព្យ

កក់ប្រាក់ដំបូង ត្រឹមតែ ៥% សម្រាប់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម បានសម្រេចអនុញ្ញាតឲ្យ អតិថិជនរបស់គម្រោងបង់ប្រាក់ស្ថិតតែ ៥% ឬ ១០%នៃតម្លៃផ្ទះតែប៉ុណ្ណោះ ហើយអាចបង់បង្រ្គប់ប្រាក់កក់ឲ្យគ្រប់ចំនួន ២០% ឬ ២៥% ឬ ៣០% នៃតម្លៃផ្ទះរហូតដល់រយៈពេល ២៤ខែ ដោយគ្មានការប្រាក់អ្វីទាំងអស់ជាមួយក្រុមហ៊ុន។

ក្នុងន័យនេះ អតិថិជននឹងត្រូវបង់ប្រាក់ក្នុងចន្លោះពី ១០៥ដុល្លារ ទៅ ២៤៤ដុល្លារក្នុងមួយខែ អាស្រ័យតាមតម្លៃផ្ទះ និងជម្រើសបង់ប្រាក់កក់។

ចំពោះទឹកប្រាក់នៅសល់ ៨០% ឬ ៧៥% ឬ ៧០%ទៀត អតិថិជនត្រូវសុំកម្ចីពី ធនាគារ និងបង់បន្តជាមួយធនាគារ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ដែលទទួលបានសិទ្ធិលក់គម្រោងនេះ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនលក់បានជាង ១១ភាគរយហើយ ស្មើប្រមាណ ២៥០ផ្ទះ ក្នុងចំណោមផ្ទះ ២៤៥៧ ដែលនឹងត្រូវសាងសង់។

យ៉ាងណាមិញ លោកឧកញ៉ា អំពាវនាវឲ្យ អតិថិជន ដែលជាប់ឈ្មោះក្នុងបញ្ជី មានលក្ខណៈសម្បត្តិទទួលបានសិទ្ធិទិញ អាចអញ្ជើញមកការិយាល័យលក់ របស់ក្រុមហ៊ុនដោយខ្លួនឯងផ្ទាល់ និងបង់ប្រាក់កក់ ឲ្យបានមុនថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយបើសិនអតិថិជនខកខាន មិនបានអញ្ជើញមកតាមកាលកំណត់នោះទេ ក្រុមហ៊ុននឹងផ្តល់សិទ្ធដល់អតិថិជនបន្ទាប់។

ដូច្នេះអតិថិជន ដែលមានលក្ខណៈសម្បត្តិអាចទទួលបានសិទ្ធិទិញ អាចអញ្ជើញមកការិយាល័យលក់ របស់ក្រុមហ៊ុនដោយខ្លួនឯងផ្ទាល់ និងត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

១.ពាក្យស្នើសុំទិញលំនៅដ្ឋានតម្លៃសមរម្យជាមួយក្រុមហ៊ុន

២.អត្តសញ្ញាបណ្ណសញ្ញាតិខ្មែរ និងប័ណ្ណសម្គាល់មន្រ្តីរាជការ (សម្រាប់មន្រ្តីរាជការ)

៣.សំបុត្រអាពាហ៍ពិពាហ៍ ឬសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ (បើមាន)។

ទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃសមរម្យ គឺមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីរង្វង់ក្រុងតាខ្មៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ការិយាល័យលក់ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម) ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/ ០៧០ ៩០៦ ៣៣៣ / ០៧០​ ៩០៧ ៣៣៣៕

រូបភាពផ្ទះគំរូពិត មានភ្ជាប់ជូននៅខាងក្រោម

មតិយោបល់