ព័ត៌មានកីឡា

Paris ត្រូវការឈ្នះយប់នេះ

ក្រុមការពារតំណែងជើងឯក Paris Saint Germain ត្រូវការឈ្នះយប់នេះ​ ប្រសិនបើពួកគេចង់ប្រជែងយកពានរង្វាន់ លីគកំពូលរបស់បារាំងនៅរដូវកាលនេះ។ បន្ទាប់ពីការចាកចេញរបស់កីឡាករ Zlatan Ibrahimuvic ទៅកាន់ក្រុមបីសាចក្រហម Manchester United កាលពីដើមរដូវកាលរួចមក Paris ហាក់ចាប់ផ្តើមរដូវកាលនេះ មិនបានល្អដូចរដូវកាលមុនឡើយ។

ក្លឹបអ្នកមានបារាំងមួយនេះ កំពុងស្ថិតនៅចំណាត់ថ្នាក់ ទីបីក្នុងតារាង ដោយតាមពីក្រោយក្រុម Monaco ៦ពិន្ទុ និងក្រុម​Nice ២ពិន្ទុ តែ Paris នៅសល់ការប្រកួត ១ប្រកួតក្នុងដៃ។ នៅរាត្រីនេះ​ Paris Saint Germain នឹងបើកកីឡារដ្ឋានរបស់ខ្លួន ទទួលក្រុមមធ្យម Guingamp ដើម្បីដណ្តើមយកបីពិន្ទុ នៅក្នុងសប្តាហ៍ទី ៣១ នេះ។​ Paris ប្រាកដជាអាចធ្វើបាន សម្រាប់ដណ្តើមយកបីពិន្ទុនេះ ​ព្រោះថា Guingamp មិនមែនជាឧបសគ្គ សម្រាប់ក្រុមការពារ តំណែងជើងឯកមួយនេះឡើយ ហើយ Paris នឹងអាចងាយស្រួល ក្នុងការរកគ្រាប់នារាត្រីនេះ។

ប៉ុន្តែ​ Paris ត្រូវបន្តប្រឹងប្រែងនាយុទ្ធនាការក្រោយៗទៀត ព្រោះថា ក្រុមកំពូលតារាង Monaco កំពុងបង្ហាញពីទម្រង់លេងបានយ៉ាងល្អ​ និងអាចមានភាគរយខ្ពស់ ក្នុងការប្រជែងយកពានរង្វាន់ League 1 នារដូវកាលនេះ។ ចាំមើល Paris អាចយកឈ្នះការប្រកួតយប់នេះ ហើយអាចដណ្តើមយកតំណែងកំពូលតារាង បាន ឬទេនៅក្នុងរដូវកាលនេះ៕

មតិយោបល់