ប៉េកាំង៖ ចំនួនអ្នកប្រើប្រាស់អ៉ីនធើណែតនៅក្នុងប្រទេសចិន បានកើនឡើងដល់ ៧១០លាននាក់ ប្រហែលនឹង ៥២ភាគរយនៃប្រជាជនចិនសរុប។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលបណ្ដាញអ៉ីនធើណែតចិន (CNNIC) បានឲ្យដឹងថា នៅពាក់កណ្ដាលឆ្នាំ២០១៦នេះ មានចំនួនអ្នកប្រើប្រាស់អ៉ីនធើណែតថ្មីជាង ២១លាននាក់ ដោយបានកើនឡើង ១,៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា មានប្រជាជនប្រមាណ ១៩១លាននាក់ ស្មើនឹង ២៧ភាគរយនៃអ្នកប្រើប្រាស់អ៉ីនធើណែតសរុបនៅក្នុងប្រទេសចិន គឺជាអ្នកជនបទ ខណៈចំនួនអ្នកប្រើអ៉ីនធើណែតនៅលើស្មាតហ្វូនមានចំនួន ៦៥៧លាននាក់ ស្មើនឹងជាង ៩២ភាគរយនៃអ្នកប្រើសរុប។
ជាមួយគ្នានោះ CNNIC ក៏បានបង្ហាញឲ្យដឹងដែរថា គិតជាមធ្យម ពួកគេបានចំណាយពេលវេលាប្រមាណជិត ៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីប្រើប្រាស់អ៉ីនធើណែត៕
មតិយោបល់