ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រាជោក បើករថយន្តលឿនបុករ៉ឺម៉កម៉ូតូដឹកអេតចាយ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: ជនជាតិចិនបើកបររថយន្ត មួយគ្រឿង ដោយក្នុងល្បឿនលឿន និងសភាពស្រវឹងធ្លាក់ភ្នែក រួចក៏បានរេចង្កូតទៅជ្រុល ទៅបុក ម៉ូតូរ៉ឺម៉កដឹកសម្បកអេតចាយ ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវក្បែរគំនរសំរាម ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូង ធនាគារជាតិ តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋនៅន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនម្នាក់ បើកបររថយន្ត មួយគ្រឿងម៉ាកកាម័រី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-7227 ។ ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ ហាណូយទិសដៅពីជើងទៅត្បូង និងល្បឿនយ៉ាងលឿន ។ លុះពេលទៅដល់ចំណុចកើតហេតុ រថយន្តខាងលើបានរេចង្កូតទៅខាង ស្ដាំរួចក៏ជ្រុលទៅបុកពីមុខម៉ូតូរ៉ឺម៉កដឹកសម្បកអេតចាយមួយគ្រឿង ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ខណ:ពេលបុរសម្នាក់ ជាម្ចាស់ម៉ូតូរម៉កនោះ បានចុះទៅរើសអេតចាយ នៅគំនរសំរាមជិត ។ ហើយបានបណ្ដាលឲ្យម៉ូតូរ៉ឺម៉ក ដឹកសម្បកអេតចាយ រងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ។ និងរថយន្តបាន រងការខូចខាតខ្ទេចកាងខាងមុខចំហៀងខាងស្ដាំ តែសំណាងល្អ ដែលមិនបង្កឲ្យមាននរណាម្នាក់រងរបួស ។

ក្រោយពេលកើតហេតុ ក៏មានតំណាងខាងរថយន្តជនជាតិចិន បានចូលខ្លួនមកធ្វើការដោះស្រាយ ជាមួយខាងម៉ូតូរ៉ឺម៉កដឹកសម្បក អេតចាយ ហើយដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ តំណាងខាងរថយន្តក៏បានចេញសំណង ឲ្យទៅខាងម៉ូតូរ៉ឺម៉កដឹកសម្បក អេតចាយ ចំនួន២៥០ដុល្លារ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់