ព័ត៌មានជាតិ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១នេះ។
ថ្លែងក្នុងពិធីប្រគល់ ទទួល វ៉ាក់សាំងកូវីដ-១៩ នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់បានដឹងថា ថ្ងៃនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវ៏ដ-១៩ សុីណូវ៉ាក់ ចំនួន ៣លានដូស ហើយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ សុីណូវ៉ាក់ ចំនួន ៣លានដូសទៀត

ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលវ៉ាក់សាំងទាំងនេះ ទុកសម្រាប់ ចាក់ជូន កុមារអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញ ជូនមនុស្សពេញវ័យ។

លោកជំទាវ បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃសរុបចំនួន ៣៥លាន ៥សែនដូសហើយ។
លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ទៀតថា នៅក្នុងខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ កម្ពុជាយើងក៏នឹង ទទួលបានវ៉ាក់សាំងជាជំនួយរបស់មិត្តចិន ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចំនួន ៣លានដូសបន្ថែមទៀត ផងដែរ។

សូមជម្រាបថា ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ចិនបានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦លាន ៨ សែនដូសហើយ។

សូមបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,៦២%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៧១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៦៤,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

មតិយោបល់