រោងចក្រថ្មីរបស់ កូកាកូឡា កម្ពុជា មានសមត្ថភាពខ្លាំងជាងមុន គឺផលិតបានរហូតដល់ទៅជាង ៥ម៉ឺនដប និង ៦ម៉ឺនកំប៉ុង ក្នុងមួយម៉ោង ដោយផ្តល់ការងារដល់ពលរដ្ឋ ៨១៧នាក់ ដែលមានបុគ្គលិកជាជនជាតិខ្មែរប្រមាណជាង ៩០ភាគរយ។
ក្រុមហ៊ុនកូកាកូឡាកម្ពុជា ដែលមានឈ្មោះជាផ្លូវការថា Cambodia Beverage Company Limited បានត្រៀមសម្ពោធរោងចក្រថ្មី ដែលសាងសង់លើផ្ទៃដី ១២ហិកតា ដែលធំជាង រោងចក្រកំពុងដំណើរការនាពេលបច្ចុប្បន្នរហូតដល់ទៅ ១០ដង។
វត្តមានរបស់រោងចក្រថ្មី នឹងអាចផ្គត់ផ្គង់ក្នុងស្រុកបានទូលំទូលាយ ព្រមទាំងអាចផលិតនាំចេញ ទៅកាន់បណ្តាប្រទេសជិតខាងបានទៀតផង ខណៈរោងចក្រផលិតថ្មីរបស់ក្រុមហ៊ុនកូកាកូឡា នឹងដំណើរការស្វ័យប្រវត្តិដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រុញឲ្យក្រុមហ៊ុន ពង្រីកទីផ្សារមិនមែនត្រឹមតែ សម្រាប់ប្រជាជន ១៥លាននាក់ក្នុងប្រទេសនោះទេ គឺសម្រាប់ប្រជាជន ៦០០លាននាក់ ក្នុងទីផ្សារអាស៊ានទាំងមូល។
គួរជម្រាបផងដែរថា ក្រុមហ៊ុនកូកាកូឡា មិនមែនផលិតតែទឹកក្រូចកូកាកូឡានោះទេ គឺមានទាំង Fanta Sprite, Samurai, Aquarius និង Dasani ជាដើម៕
មតិយោបល់