ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី ២។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។
យុទ្ធនាការទិញផលិតផលខ្មែរនេះ ជាកម្លាំងចលករដើម្បីបំផុស និងដាស់ស្មារតីមហាជន ជាពិសេសប្រជាពលរដ្ឋខ្មែរ ឲ្យយល់ច្បាស់ពី គុណតម្លៃនៃការគាំទ្រផលិតផលក្នុងស្រុក ចំពោះការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
យុទ្ធនាការទិញផលិតផលខ្មែរ ក៏បានចូលរួមផ្តល់ជាកម្លាំងចិត្តដល់ ផលិតករ និងពាណិជ្ជករខ្មែរ ធ្វើការពង្រឹងគុណភាព និងសោភ័ណភាពផលិតផល ស្របតាមស្ពង់ដាបច្ចេកទេសត្រឹមត្រូវ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។
ទន្ទឹមនឹងនេះ ដើម្បីអនុវត្តគោលនយោបាយនេះឲ្យបានជោគជ័យ ផលិតករ ពាណិជ្ជករត្រូវយកចិត្តទុកដាក់លើ គុណភាព សុវត្ថិភាពខ្ពស់ស្របតាមបទដ្ឋានស្តង់ដារត្រឹមត្រូវ សោភ័ណភាព ភាពទាក់ទាញលើការវេចខ្ចប់ មានស្លាកពាណិជ្ជនាមនិងចុះបញ្ជីត្រឹមត្រូវ មានតម្លៃសមរម្យ ជាពិសេសត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមតាំងពិព័រណ៍បង្ហាញផលិតផលខ្មែរ និងព្រឹត្តិការណ៍ពាណិជ្ជកម្មនានា។
គួរជម្រាបដែរ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី ១ ត្រូវបានរៀបចំឡើងដោយជោគជ័យ ហើយគេសង្កេតឃើញផលិតផលខ្មែរភាគច្រើន ចាប់ផ្តើមរីកដុះដាល និងបង្ហាញវត្តមាននៅលើទីផ្សារក្នុងស្រុក និងផ្សារទំនើបទូទាំងប្រទេស៕
មតិយោបល់