ក្រុមហ៊ុន Asia Pacific Rubber Corporation (APRC) បានបង្ហាញពីបំណងបង្កើតរោងចក្រកែច្នៃជ័រខាប់ នៅស្រុកស្នួល ខេត្តក្រចេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់អគ្គនាយកដ្ឋានកៅស៊ូ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
លោក Roshan Charly នាយកប្រតិបត្តិក្រុមហ៊ុន APRC បានជួបពិភាក្សាការងារជាមួយ លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ពីគោលបំណងនេះ នឹងស្វែងយល់បន្ថែមពី ស្ថានភាពកៅស៊ូនៅកម្ពុជា។
យ៉ាងណាមិញ ចំពោះទំហំទឹកប្រាក់វិនិយោគ និងពេលវេលាចាប់ផ្តើម នៅពុំទាន់បញ្ជាក់ច្បាស់នៅឡើយនោះទេ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ ២០១៦ កម្ពុជា បាននាំចេញកៅស៊ូប្រមាណ ១៤៥,២០០តោន ទៅកាន់ទីផ្សារក្រៅប្រទេស រកចំណូលបានប្រមាណ ១៨៧លានដុល្លារអាមេរិក ប៉ុន្តែចំណូលមានការថយចុះទៅវិញ។
លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា ការនាំចេញកៅស៊ូពិតជាមានការកើនឡើង ប៉ុន្តែតម្លៃកៅស៊ូនាំចេញ កើនបានបន្តិចប៉ុណ្ណោះ អំឡុងខែធ្នូ ឆ្នាំ ២០១៦នេះ ដោយសារតម្លៃកៅស៊ូអន្តរជាតិ មានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងឆ្នាំ ២០១៥ និង ២០១៦ មិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។
តម្លៃកៅស៊ូនាំចេញជាមធ្យមនៅសល់តែ ១,២០៣ដុល្លារអាមេរិក/តោន ខណៈឆ្នាំ ២០១៥ តម្លៃមធ្យមគឺ ១,៥៣៩ដុល្លារអាមេរិក/តោន។
យ៉ាងណាមិញ កម្ពុជា មានលទ្ធភាពអាចផ្គត់ផ្គង់ជ័រកៅស៊ូ សម្រាប់បម្រើក្នុងឧស្សាហកម្មកែច្នៃ ប្រសិនបើមានក្រុមហ៊ុនចង់វិនិយោគរោងចក្រកៃច្នៃផលិតជា សំបកយានយន្តនៅកម្ពុជា។
គួរបញ្ជាក់ដែរថា គិតត្រឹមដំណាច់ឆ្នាំ ២០១៦ ការដាំដុះកៅស៊ូនៅកម្ពុជា សម្រេចបានប្រមាណ ៤៣ម៉ឺនហិកតា ឲ្យផលប្រមាណជាង ១២ម៉ឺនហិកតា ហើយតាមការប៉ាន់ប្រមាណ ផ្ទៃដីដាំកៅស៊ូនៅកម្ពុជា ដែលមានសក្តានុពលដាំកៅស៊ូ មានប្រមាណ ៥០ម៉ឺនហិកតាប៉ុណ្ណោះ៕
មតិយោបល់