កាលពីម្សិលមិញនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចុះកិច្ចសន្យាលើ គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតចំការមន ជាមួយក្រុមហ៊ុន Vinci Construction Grands Projects ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
តាមរយៈគម្រោងនេះ រោងចក្រផ្គត់ផ្គង់ទឹកស្អាតចំការមន អាចនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន ឲ្យបានដល់ ៥២០០០ម៉ែត្រគុបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ន អាចផលិតបានត្រឹម ២០០០០ម៉ែត្រគុបក្នុងមួយថ្ងៃ។
ក្រុមហ៊ុន Vinci នឹងអនុវត្តគម្រោងសាងសង់នៅខែកញ្ញា ខាងមុខនេះ ហើយរំពឹងនឹងបញ្ចប់នៅក្នុងរយៈពេល ២៤ខែ។
ដើម្បីសម្រេចគោលដៅនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវធ្វើការផ្លាស់ប្តូរបំពង់ទុយោទឹកចាស់ ពីស្ថានីយ៍បូមទឹកល្អក់ មករោងចក្រផលិតទឹកស្អាត ដែលមានតាំងពីឆ្នាំ ១៩៩៦ និងពង្រីកប្រព័ន្ធចែកចាយទឹក នៅជាយរាជធានីភ្នំពេញទាំងមូល។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។
លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានឲ្យដឹងថា ឥណទានពី AFD គឺបានដើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ធនធានខ្ចីពីដៃគូអភិវឌ្ឍន៍ សម្រាប់វិនិយោគលើវិស័យអាទិភាពចំនួន ៤ គឺ ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស។
កិច្ចព្រមព្រៀងនេះ គឺជាឥណទានសម្បទានលើកទី ៦ ដែលកម្ពុជា ទទួលបានពី AFD បន្ទាប់ពីកិច្ចព្រមព្រៀងលើកទី ១ ត្រូវបានផ្តល់ដល់កម្ពុជា កាលពីឆ្នាំ ២០១៣។
បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន ៤កន្លែង រួមមានរោងចក្រផ្គត់ផ្គង់ទឹកស្អាតនិរោធ រោងចក្រផ្គត់ផ្គង់ទឹកស្អាតភូមិព្រែក រោងចក្រផ្គត់ផ្គង់ទឹកស្អាតជ្រោយចង្វារ និងរោងចក្រផ្គត់ផ្គង់ទឹកស្អាតចំការមន។
គួរជម្រាបដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគិតគូររួចហើយ ចំពោះសេចក្តីត្រូវការទឹក ដែលកំពុងកើនឡើងជាបន្តបន្ទាប់ សម្រាប់រៀបចំផែនការមេ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០៣០ ដែលក្នុងនោះមានគម្រោងសាងសង់រោងចក្រថ្មីបន្ថែមទៀត នៅភាគខាងជើង រាជធានីភ្នំពេញ៕
មតិយោបល់