នៅព្រឹកនេះ ផ្លូវក្រវ៉ាត់ក្រុងទី ២ កំណាត់ទី ១ គឺមហាវិថីភ្នំពេញ ហាណូយ ប្រវែង ១០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ខណៈ ផ្លូវក្រវ៉ាត់ក្រុងទី ២ កំណាត់ទី ២ ពីស្តុបផ្សារដីហុយ ទៅព្រែកហូរ ប្រវែងជិត ១៧គីឡូម៉ែត្រ ត្រូវបានសម្ពោធចាប់ផ្តើមសាងសង់ នៅថ្ងៃនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ផ្លូវខ្សែក្រវ៉ាត់ក្រុងទី ២ កំណាត់ទី ២ តភ្ជាប់ពី ស្តុបផ្សារដីហុយ ដល់ព្រែកហូរ គ្រោងនឹងចំណាយពេលសាងសង់ ៣៦ខែ គឺគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៩ ខាងមុខ។
ផ្លូវខ្សែក្រវ៉ាត់ក្រុងទី ២ ទាំង ២កំណាត់ មានប្រវែងសរុបជាង ២៧គីឡូម៉ែត្រ នឹងចំណាយថវិកាសាងសង់ជាង ៧០លានដុល្លារអាមេរិក ដោយកំណាត់ទី ១ ចំណាយជាង ១០លានដុល្លារអាមេរិក និងកំណាត់ទី ២ ចំណាយជាង ៦២លានដុល្លារអាមេរិក។
គួរជម្រាបដែរថា ផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជម្រុញការរីកលូតលាស់នៅតាមតំបន់អមសងខាងផ្លូវ ងាយស្រួលដល់ការដឹកជញ្ជូនទំនិញ និងកាន់តែទាក់ទាញវិនិយោគិន ក៏ដូចភ្ញៀវទេសចរអន្តរជាតិ ឲ្យមកកម្ពុជាបានកាន់តែច្រើន៕
មតិយោបល់