កម្ពុជា គ្រោងនឹងបង្កើតម៉ាកសមូហភាពម្រេចកម្ពុជា ក្នុងគោលបំណង កាត់បន្ថយការនាំចេញម្រេចក្រៅផ្លូវការ នឹងដើម្បីស្តារមុខមាត់ម៉ាកសញ្ញាម្រេចកម្ពុជា នៅលើទីផ្សារអន្តរជាតិ។ នេះបើយោងតាមការឲ្យដឹង នៅក្នុងសិក្ខាសាលាស្តីពី ការរៀបចំយុទ្ធសាស្រ្តជម្រុញការនាំចេញម្រេចកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកមិញនេះ។
លោក វ៉ា រុតសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការធ្វើម៉ាកសមូហភាពម្រេច អាចនឹងធ្វើឡើងដោយចំណាយពេល យ៉ាងយូរបំផុត ១ឆ្នាំ ព្រោះមានប្រព័ន្ធច្បាប់រួចរាល់ហើយ និងរង់ចំាគំនិតរបស់សហគមន៍ម្រេចប៉ុណ្ណោះ។
ការបង្កើតម៉ាកសមូហភាព សម្រាប់ម្រេចមេមត់ អាចងាយស្រួលជាង ការបង្កើតម៉ាកសម្គាល់ភូមិសាស្រ្ត GI សម្រាប់ម្រេចកំពត ហើយម៉ាកសមូហភាព មិនកំណត់ព្រំប្រទល់ដូច ម៉ាកសម្គាល់ភូមិសាស្រ្ត GI ដែលទាមទារការសិក្សាលើ ស្រទាប់ដី កំណត់ព្រំប្រទល់អាចទទួលយកបាន។
លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនកម្ពុជា CIRD បានលើកឡើងថាម្រេច ជាផលិតផលនាំចេញ ត្រូវការម៉ាកសញ្ញាច្បាស់លាស់ ដើម្បីដាក់លក់លើទីផ្សារអន្តរជាតិ ជាពិសេសគឺ ត្រូវការបង្ហាញមុខមាត់ ឲ្យគេស្គាល់ម៉ាកសញ្ញាជាផ្លូវការ។
ដូច្នេះ កម្ពុជា ត្រូវបង្កើតម៉ាកសមូហភាព សម្រាប់ម្រេចមេមត់ ដែលផ្តល់ទិន្នផលខ្ពស់ជាងគេនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
យ៉ាងណាមិញ កាលពីឆ្នាំ ២០១៥ ម្រេចកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា ត្រូវបាននាំចេញជិត ៧៥០០តោន ទៅទីផ្សារអន្តរជាតិ តែតួលេខផ្លូវការ មានចំនួនប្រមាណជាង ១០១តោន ពោលគឺ ៥ភាគរយនៃការនាំចេញសរុប។
ចំនួននេះ មិនបានគិតបញ្ចូលពី ការនំាចេញម្រេចក្រៅផ្លូវការ តាមច្រករបៀបទៅកាន់ប្រទេសជិតខាង តាមរយៈឈ្មួញកណ្តាល ក្រោមរូបភាពផ្សេងៗ។
យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសិលា ផិបភើរ បានឲ្យដឹងថា ការនាំចេញម្រេចមិនស្របច្បាប់ទៅប្រទេសជិតខាង គឺមានប្រមាណ ៩៥ភាគរយ ក្នុងឆ្នាំ ២០១៥ ពោលគឺ នាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ ដោយយកម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បង្ហាញថា ជាផលិតផលរបស់ខ្លួន។
លោក សេរីវឌ្ឍន៍ បានឲ្យដឹងថា ភាគច្រើននៃម្រេចនាំចេញក្រៅផ្លូវការ ត្រូវបាននាំចេញទៅប្រទេសវៀតណាម និងថៃ ហើយប្រទេសទាំង២ បានកែច្នៃ និងដាក់ម៉ាកយីហោរបស់ប្រទេសខ្លួន បើទោះបីជាម្រេច នាំមកពីកម្ពុជាក្តី។
ទោះបីជាយ៉ាងណាក៏ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានកម្ពុជា CIRD នឹងអង្គការ HEKS នឹងព្យាយាមបង្កើតម៉ាកសមូហភាព ដើម្បីធានាគុណភាពម្រេច រៀបចំស្តង់ដារគុណភាពផលិតផល និងការត្រួតពិនិត្យច្បាស់លាស់ សម្រាប់ការនាំម៉ាកយីហោម្រេចកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
លើសពីនេះទៅទៀត វិទ្យាស្ថាន CIRD នឹងធ្វើជាដៃគូជាមួយសហគមន៍ម្រេចអន្តរជាតិ IPC ក្នុងការគ្រប់គ្រងផលិតកម្ម បច្ចេកទេស ទីផ្សារ តម្លៃ និងប្រមូលផ្តុំព័ត៌មានផ្សេងៗ។
គួររម្លឹកដែរថា ទិន្នផលម្រេចកម្ពុជា បានផ្ទុះឡើងជិត ៤០០ភាគរយ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ពោលគឺកើនឡើងពីជាង ២៥០០តោន ក្នុងឆ្នាំ ២០១៣ ដល់ជិត ១២០០០តោន ក្នុងឆ្នាំ ២០១៦៕
មតិយោបល់