ចាប់ពីចុងខែមីនានេះទៅ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងជម្រុញបន្ថែមទៀត ឲ្យសិប្បកម្មផលិតទឹកកកទាំងអស់នៅកម្ពុជា ឲ្យផលិតស្របតាមស្តង់ដាត្រឹមត្រូវ។ នេះបើយោងតាមគេហទំព័ររបស់ មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានសិប្បកម្មផលិតទឹកកកចំនួន ៥០កន្លែង ហើយសម្រាប់ទិសដៅរបស់ក្រសួង គឺធ្វើយ៉ាងណាឲ្យផលិតផលទឹកកកទាំងអស់ នៅទូទាំងប្រទេស មានលក្ខណៈត្រឹមត្រូវតាម បច្ចេកទេស និងស្តង់ដា។
ក្រសួងឧស្សាហកម្ម ក៏បានធ្វើការវិភាគគុណភាពផលិតផលទឹកកក ដើម្បីត្រួតពិនិត្យទៅលើគុណភាពផលិតផល សម្រាប់យកទៅចរាចរណ៍គ្រប់ទីកន្លែងឲ្យមានគុណភាព មិនបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ឬបរិភោគ។
មុននឹងឈានដល់ការប្រកាសលទ្ធផលវិភាគ ក្រសួងនឹងធ្វើតេស្តមើលថាតើ ផលិតផលទឹកកកមានលក្ខណៈអ្វីខ្លះ មិនទាន់សមស្របតាមស្តង់ដា ហើយក្រសួងនឹងជួយដល់ម្ចាស់សិប្បកម្ម តាមរយៈការជួយកែលម្អប្រព័ន្ធសង្វាក់ផលិតកម្ម កែលម្អទីតាំងផលិតកម្ម និងកែលម្អប្រភពទឹកឲ្យត្រូវតាមស្តង់ដាបច្ចេកទេស៕
មតិយោបល់