ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ៣៨ម៉ឺនដុល្លារ ដល់គម្រោងកសិកម្មនៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាទឹកប្រាក់សរុប ៣៨៤,៨១៧ដុល្លារអាមេរិក ដើម្បីគាំទ្រគម្រោងកសិកម្មនៅកម្ពុជា ស្របពេលដែលកសិករជួបប្រឈម នឹងកង្វះប្រភពទឹកដើមទុន និងទីផ្សារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណងក្រោមគម្រោងទ្រង់ទ្រាយតូច សម្រាប់សន្តិសុខមនុស្សជាតិរបស់រដ្ឋាភិបាលប្រទេសជប៉ុននេះ គឺជាការរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ពិសេសជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។

​ឯកឧត្តមបានបញ្ជាក់ថា គម្រោងជំនួយទាំងនេះ ត្រូវបានបែងចែកតាមគោលដៅសំខាន់ៗមានដូចជា៖ គម្រោងសាងសង់មជ្ឈមណ្ឌលសូត្រ ក្នុងសកលវិទ្យាល័យភ្នំពេញចំនួនជាង ៩ម៉ឺនដុល្លារ, គម្រោងសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែខេត្តកណ្តាលចំនួន ១១ម៉ឺនដុល្លារ, គម្រោងសាងសង់ទ្វារទឹក និងជួសជុលសំណង់លូទោល សម្រាប់ប្រព័ន្ធធារាសាស្ត្រដំរែក ខេត្តកំពង់ឆ្នាំងចំនួន ៨.៩ម៉ឺនដុល្លារ និងគម្រោងសាងសង់ផ្លូវបេតុងនៅក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុងចំនួន ៨.៩ម៉ឺនដុល្លារ។

ឯកឧត្តមឯកអគ្គរដ្ឋទូតជឿជាក់ថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាជនតាមតំបន់គោលដៅ តាមរយៈការបង្កើនផលិតកម្មស្រូវអង្ករ បន្លែ ពិពិធកម្ម កសិកម្ម កសាងសមត្ថភាពសហគមន៍កសិករ បង្កើនការទទួលបានអាហារមានជីវជាតិគ្រប់គ្រាន់ និងមានសុវត្ថិភាព និងការបង្កើនចំណូលកសិករ ព្រមទាំងធ្វើឱ្យ វិស័យឧស្សាហកម្មសិប្បកម្មសូត្របែបប្រពៃណីរបស់កម្ពុជា មានការរីកចម្រើន និងមានភាពរស់រវើក។

គួរជម្រាបថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែខេត្តកណ្តាល ដែលគ្រោងសាងសង់ឡើងនោះ នឹងអាចចែកចាយបន្លែនៅតាមទីផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេស ដោយធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ៕

មតិយោបល់