ព័ត៌មានសេដ្ឋកិច្ច

មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅខេត្តសានស៊ី នឹងសម្ពោធជាផ្លូវការ នាពេលឆាប់ៗនេះ

ក្រសួងពាណិជ្ជកម្ម នឹងដាក់ដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅខេត្តសានស៊ី ប្រទេសចិន ដើម្បីជម្រុញទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យបាន ៥ពាន់លានដុល្លារអាមេរិក​ នៅក្នុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ នឹងអញ្ជើញទៅចូលរួមសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅខេត្តសានស៊ី កំឡុងពេលចូលរួមកិច្ចប្រជុំផ្លូវ១ខ្សែក្រវ៉ាត់១ នៅទីក្រុងប៉េកាំង នាពេលខាងមុខនេះ។

មជ្ឈមណ្ឌលនេះ នឹងជួយជម្រុញការនាំចេញផលិតផលកម្ពុជាកាន់តែច្រើន ក៏ដូចជាការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិន ទៅទស្សនាប្រទេសកម្ពុជាផងដែរ។

លោក ប៉ាន សូរស័ក្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់លោក ហ៊ូ ហេភីង អភិបាលខេត្តសានស៊ី ដែលបានជួយគាំទ្រដល់ការបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់កម្ពុជា នៅប្រទេសចិនផងដែរ។

ភាគីចិន ក៏មានគម្រោងបើកជើងហោះហើរត្រង់ ពីទីក្រុងស៊ីអាន ខេត្តសានស៊ី មកកាន់ព្រលានយន្តហោះទាំង ៣ របស់កម្ពុជាតែម្តង។

លោក ហ៊ូ ហេភីង អភិបាលខេត្តសានស៊ី បានលើកឡើងថា តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ កំពុងតែទាក់ទាញ និងមានសក្តានុពលខ្ពស់ក្នុងការវិនិយោគលើវិស័យទេសចរណ៍ ហើយក៏គ្រោងនឹងបើកជើងហោះហើរត្រង់មកកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

គួរជម្រាបផងដែរថា ទំហំពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា និងចិន នៅក្នុងឆ្នាំ ២០១៥ មានទឹកប្រាក់ប្រមាណ ៤.៤ពាន់លានដុល្លារអាមេរិក៕

មតិយោបល់