ព័ត៌មានសេដ្ឋកិច្ច

ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី សម្ពោធបើកប្រតិបត្តិការដឹកជញ្ជូន ចាប់ពីថ្ងៃនេះ

នៅព្រឹកនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំប្រទល់ស្រុកឡេថាញ់ ខេត្តយ៉ាឡាយ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។

លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅពេលចាប់ផ្តើមអនុវត្តន៍ប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់តាមច្រកទ្វារអូរយ៉ាដាវនេះ ភាគីកម្ពុជា-វៀតណាម បានអនុញ្ញាតឲ្យយានយន្តពាណិជ្ជកម្ម ៤០គ្រឿង មកពីប្រទេសនីមួយៗ ធ្វើចរាចរដឹកជញ្ជូនឆ្លងកាត់ទៅមក។

ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាច្រកទ្វារអន្តរជាតិទី ៦ ដែលបានបើកឲ្យចរាចរដឹកជញ្ជូនភ្ញៀវទេសចរ និងទំនិញផ្សេងៗឆ្លងកាត់ ដែលក្រៅពីនោះរួមមាន ច្រកទ្វារអន្តរជាតិបាវិត ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ច្រកទ្វារអន្តរជាតិភ្នំដិន ច្រកទ្វារអន្តរជាតិព្រែកចាក និងច្រកទ្វារអន្តរជាតិត្រពាំងស្រែ។

គិតមកទល់ពេលបច្ចុប្បន្ន ភាគីកម្ពុជា-វៀតណាម បានអនុញ្ញាតឲ្យរថយន្តចំនួន ៥០០គ្រឿងហើយ ធ្វើប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ៕

មតិយោបល់