ក្រុមហ៊ុនចិនចំនួន ២ គឺក្រុមហ៊ុន Shanghai Mechanical Power Engineering និងក្រុមហ៊ុន Shanghai Micro Purification Technology បានបង្ហាញពីចំណាប់អារម្មណ៍លើ ការអភិវឌ្ឍន៍លើវិស័យទឹកស្អាតនៅកម្ពុជា តាមរយៈការបង្កើតឲ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវវិស័យទឹកស្អាត កម្ពុជា-ចិន។ នេះបើយោងតាមការចេញផ្សាយកាលពីម្សិលមិញនេះ របស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
លោក ឆាយអ៊ីងឡុង ប្រធានប្រតិភូក្រុមហ៊ុនចិន បានបញ្ជាក់នូវជំហររឹងមាំ ក្នុងការអភិវឌ្ឍន៍ទឹកស្អាតនៅកម្ពុជា ក្នុងទិសដៅជួយលើ ៣ចំណុចគឺ បច្ចេកទេស ហិរញ្ញវត្ថុ និងវិនិយោគ។
យ៉ាងណាមិញ គំនិតវិនិយោគជាដំបូងគឺ ផលិតទុយោ តម្លើងម៉ាស៊ីនផលិតក្លរពី អំបិល និងបន្តបន្ទាប់ទៀតគឺ បង្កើតរោងចក្រផលិតផលិតផលផ្សេងៗ សម្រាប់បម្រើឲ្យវិស័យទឹកស្អាត។
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាត់ទុកគម្រោងនេះ មានសារៈសំខាន់ណាស់ នឹងក្លាយជាថ្នាលបណ្តុះបណ្តាល ជាទីតាំងស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាដ៏មានសារៈសំខាន់បំផុត សម្រាប់កម្ពុជា។
គួរបញ្ជាក់ដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បានប្តេជ្ញាធ្វើយ៉ាងណា នឹងផ្តល់ជូនទឺកស្អាតឲ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ទូទាំងប្រទេស ឲ្យបាន ១០០ភាគរយនៅត្រឹមឆ្នាំ ២០២៥៕
មតិយោបល់