ក្រុមហ៊ុន CNNC របស់ចិន គ្រោងនឹងសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ដែលមានលទ្ធភាពព្យាបាលជម្ងឺមហារីក ដោយប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែ ទៀតផង។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក វ៉ាង ជីនហ្វឹង អនុប្រធានសាជីវកម្មវិស្វកម្ម Zhengyuan នៃក្រុមហ៊ុន CNNC បានជួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាពីបំណងវិនិយោគលើ វិស័យថាមពលស្អាត និងការសាងសង់មន្ទីរពេទ្យនេះ។
នាឱកាសនោះផងដែរ លោក វ៉ាង ជីនហ្វឹង គ្រោងនឹងចុះហត្ថលេខាលើ MOU ជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យថាមពលស្អាត និងថាមពលនុយក្លេអ៊ែ ហើយនឹងសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីសាងសង់មន្ទីរពេទ្យ។
គួររម្លឹកដែរថា កម្ពុជា ក៏បានជម្រុញ រុស្ស៊ី ឲ្យរៀបចំមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បាននិងកំពុងពិភាក្សាជាបន្ត លើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឲ្យគោលបំណងសន្តិភាព ដោយគ្រោងនឹងរៀបចំមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ នៅកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក៏គ្រោងបញ្ជូននិស្សិតកម្ពុជា ទៅសិក្សាផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ នៅសហព័ន្ធរុស្ស៊ី។
ការប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឲ្យគោលបំណងសន្តិភាព បានកើនឡើងជាប្រចាំក្នុងវិស័យជាច្រើនដូចជា កសិកម្ម និងស្បៀងអាហារ វេជ្ជសាស្រ្ត ឧស្សាហកម្ម ផលិតកម្មអគ្គិសនី សំណង់ និងបរិស្ថានជាដើម។
គួរជម្រាបដែរថា បច្ចុប្បន្ននេះ ប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងខិតខំសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនុយក្លេអ៊ែរ និងអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងទិសដៅលើកកម្ពស់សុខភាពមនុស្ស បង្កើនស្តង់ដាជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ៕
មតិយោបល់