មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល តម្លៃជាង ១០លានដុល្លារអាមេរិក ត្រូវបានប្រគល់ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់ពីសាងសង់រួច នៅព្រឹកមិញនេះ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រារព្ធពិធីចុះហត្ថលេខាលើ ការប្រគល់-ទទួល អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ដែលមានទឹកប្រាក់ចំនួន ១០.១លានដុល្លារអាមេរិក បន្ទាប់ពីសាងសង់រួច នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៦នេះ។
អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល មានកម្ពស់ ៤ជាន់ ដោយមានការិយាល័យគ្រប់គ្រង ការិយាល័យអប់រំ ការិយាល័យសេវាកម្ម និងតំបន់សាធារណៈផ្សេងៗផងដែរ។
មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល នឹងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើតឲ្យមាន មជ្ឈមណ្ឌលបណ្តុះបណ្តាល និងកម្មវិធីបង្កើនសមត្ថភាព ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ប្រសិទ្ធិភាព គុណភាព និងសេវាកម្មដឹកជញ្ជូនផ្លូវអាកាសក្នុងស្រុក និងអន្តរជាតិ។
លើសពីនេះទៅទៀត មជ្ឈមណ្ឌល នឹងជួយធ្វើឲ្យប្រសើរឡើងទាំងបរិមាណ និងគុណភាពធនធានមនុស្សផ្នែកអាកាសចរស៊ីវិល ព្រមទាំងសមត្ថភាពស្ថាប័ន សម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព នៃវិស័យអាកាសចរស៊ីវិលនៅកម្ពុជា។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៦នេះ កម្ពុជាទទួលបានជំនួយ ២៣លានដុល្លារអាមេរិកពី KOICA ដែលធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដៃគូអភិវឌ្ឍន៍ទទួលជំនួយច្រើនជាងគេទី ២ របស់ KOICA៕


មតិយោបល់