ក្រុមហ៊ុន Techno Park Poi Pet បានបើកសម្ពោធជាផ្លូវការ នៅតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ដែលស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមហ៊ុន Techno Park Poi Pet ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Toyota Tsusho Corporation ហើយបច្ចុប្បន្នមានទីតាំងលើផ្ទៃដី ៤ហិកតា និងទទួលគម្រោងវិនិយោគពី ៥ក្រុមហ៊ុន ដែលមានសកម្មភាពផលិតគ្រឿងបន្លាស់រថយន្ត សម្ភារៈបរិក្ខារ អេឡិកត្រូនិក និងខ្សែបង្គុំអគ្គិសនី ដែលបង្កើតការងារប្រមាណ ១៥០កន្លែង និងកើនដល់ ៤០០កន្លែង នៅឆ្នាំ ២០១៨ខាងមុខនេះ។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកថា ក្រុមហ៊ុននេះ គឺជាមេដែក និងកម្លាំងចលករដ៏មានប្រសិទ្ធភាព ក្នុងការទាក់ទាញ និងស្រូបយកក្រុមហ៊ុនវិនិយោគដទៃទៀត មកក្នុង តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត។
លើសពីនេះទៅទៀត សកម្មភាពនេះ នឹងចូលរួមចំណែកក្នុងការធ្វើពិពិធកម្មវិនិយោគនៅកម្ពុជា ផ្ទេរនូវចំណេះ ជំនាញ បទពិសោធន៍ការងារ ជាពិសេសគឺបង្កើតការងារជាច្រើន។
គួរជម្រាបថា បច្ចុប្បន្នគម្រោងវិនិយោគជប៉ុន ដែលបានកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១ប៊ីលានដុល្លារអាមេរិក និងបង្កើតការងារ ៣៦០០០កន្លែង។ ដោយឡែកនៅក្រុងប៉ោយប៉ែត បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ ដែលទទួលបានគោលការណ៍វិនិយោគពី រាជរដ្ឋាភិបាល និងមានក្រុមហ៊ុនវិនិយោគសរុប ១៥ក្រុមហ៊ុន ដោយបានស្រូបយកកម្លាំងពលកម្មប្រមាណ ៣៥០០កន្លែង៕
មតិយោបល់