ក្រុមហ៊ុនចិន China Anhua Group គ្រោងនឹងបង្កើតរោងចក្រផលិតកញ្ចក់ នៅកម្ពុជា ដែលត្រូវការខ្សាច់ពណ៌ស ច្រើន សម្បូរនៅខេត្តកោះកុង។ នេះបើយោងតាមការចេញផ្សាយកាលពីម្សិលមិញនេះ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ក្រុមហ៊ុន ក៏មានគម្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ រោងចក្រចម្រាញ់ប្រេង រោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងការបង្កើតកំពង់ផែ នាំចូល និងចែកចាយឧស្ម័នធម្មជាតិ។
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងសិប្បកម្ម និងឧស្សាហកម្ម បានណែនាំឲ្យតំណាងក្រុមហ៊ុនជួបពិភាក្សាជាមួយ ក្រសួងជំនាញ ហើយបើរោងចក្រផលិតកញ្ចក់ គ្រោងបើកនៅតាមបណ្តោយដងទន្លេមេគង្គ គួរពិនិត្យលទ្ធភាពដឹកតាមផ្លូវរថភ្លើង ព្រោះការដឹកជញ្ជូនខ្សាច់តាមផ្លូវថ្នល់ អាចធ្វើឲ្យខូចផ្លូវ។
វាជាចំណុចប្រសើរបំផុត ដែលក្រុមហ៊ុន បានបង្ហាញជំហរនៃការផលិតអគ្គិសនីដោយខ្លួនឯង សម្រាប់ផ្គត់ផ្គង់រោងចក្រផលិតកញ្ចក់ ទាំងអគ្គិសនីដើរដោយប្រេង និងដោយពន្លឺព្រះអាទិត្យ ពីព្រោះតាមការពន្យល់របស់ក្រុមហ៊ុន ការបង្កើតរោងចក្រផលិតកញ្ចក់ មិនត្រូវឲ្យមានការដាច់ចរន្តអគ្គិសនី ក្នុងរយៈពេល ៨ឆ្នាំជាប់គ្នា៕
មតិយោបល់