ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា-ឥណ្ឌា ជម្រុញឲ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រដ្ឋអាសាន់

ក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ប្រាមីឡា រ៉ានីប្រាម៉ា រដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើរដ្ឋអាសាន់ នៃសាធារណរដ្ឋឥណ្ឌា បានឲ្យដឹងថា លោក ថោង ខុន នឹងទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ កិច្ចប្រជុំកំពូលវិនិយោគិនសកល ដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា-ឥណ្ឌា ទាក់ទាញកំណើនទេសចរ អ្នកវិនិយោគឥណ្ឌា និងប្រទេសទី៣ មកទស្សនា និងវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានោះ ភាគីទាំងពីរ បានជម្រុញឲ្យមានការហោះហើរត្រង់ពីកម្ពុជា ឆ្ពោះទៅកាន់រដ្ឋអាសាន់ ពីព្រោះរដ្ឋភាគឦសានឥណ្ឌាមួយនេះ ប្រៀបដូចជាច្រកតភ្ជាប់អាស៊ាន និងកម្ពុជាយ៉ាងអញ្ចឹង ដែលសុទ្ធតែជាការជម្រុញវិស័យវិនិយោគថ្មីបន្ថែមទៀត។

ក្នុងជំនួបដដែលនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឲ្យភាគីឥណ្ឌាជួយជាជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការរៀបចំ និងអភិវឌ្ឍន៍បន្ថែមលើផ្នែកអេកូទេសចរណ៍ ទេសចរណ៍វប្បធម៌ ទេសចរណ៍សត្វព្រៃ ពិសេសការនាំយកសត្វខ្លាធំពីរដ្ឋអាសាន់ មកព្រលែង និងអភិរក្សឡើងវិញនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចូលទស្សនា។

គួរជម្រាបថា កម្ពុជា និងឥណ្ឌា បានចុះហត្ថលេខារួចរាល់ហើយ លើគម្រោងហោះហើរត្រង់រវាងគ្នានេះ និងជម្រុញឲ្យចាប់ផ្តើមប្រតិបត្តិការជើងហោះហើរត្រង់ នៅឆ្នាំ ២០១៧នេះ ខណៈបច្ចុប្បន្នពុំទាន់មានក្រុមហ៊ុនណា ចាប់ផ្តើមប្រតិបត្តិការនៅឡើយទេ រង់ចាំការសិក្សាលើបច្ចេកទេសបន្ថែម។

លោក Naveen Srivastrava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានបន្តថា ក្រុមហ៊ុនឯកជន នៅពុំទាន់ហ៊ានទទួលយកគម្រោងនេះ​ទេ ដោយមិនទាន់ដឹងច្បាស់ពីចំណូល ហើយចំនួនអ្នកដំណើររវាងប្រទេសទាំងពីរ នៅមានកម្រិត។

យ៉ាងណាមិញ លោក Naveen ក៏បានជម្រុញឲ្យធនាគារដ៏ធំមួយរបស់ឥណ្ឌា ជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីបម្រើដល់ការពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ជាពិសេសឥណ្ឌាដោយផ្ទាល់។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នារវាងកម្ពុជា នឹងឥណ្ឌា សម្រាប់ជើងហោះហើរត្រង់ មានតំាងពីឆ្នាំ ២០០២ មកម្ល៉េះ ដែលផ្តល់ភាពងាយស្រួលក្រុមហ៊ុន ក្នុងការដាក់ពាក្យស្នើសុំប្រតិបត្តិការ ជើងហោះហើរនេះ។

លោក Naveen Srivastrava ក៏បានបន្ថែមថា ជើងហោះហើរត្រង់នេះ នឹងជម្រុញកំណើនទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយតួលេខនៃភ្ញៀវទេសចរណ៍ធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ កំពុងកើនឡើងផងដែរ។

ជើងហោះហើរនេះ នឹងប្រតិបត្តិការរវាង ក្រុងភ្នំពេញ/សៀមរាប នឹង NewDelhi/ទីក្រុងមួយចំនួនទៀតនៃប្រទេសឥណ្ឌា ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប អាចជាគោលដៅចំបងមុនគេ ក្នុងការចាប់ផ្តើមប្រតិបត្តិការជើងហោះហើរនេះ ដោយសារភ្ញៀវទេសចរណ៍ឥណ្ឌាភាគច្រើន ចាប់អារម្មណ៍លើ ទេសចរណ៍អាពាហ៍ពិពាហ៍ សម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា។

តំបន់សៀមរាបអង្គរ ជាគោលដៅចម្បងសម្រាប់ទេសចរណ៍អាពាហ៍ពិពាហ៍​ ហើយភ្ញៀវទេសចរអាច តភ្ជាប់ទៅកាន់ខេត្តព្រះសីហនុ សម្រាប់រាត្រីក្រេបច័ន្ទទឹកឃ្មុំ។
ប្រទេសឥណ្ឌា ជាប្រទេសដ៏ធំមួយ មានប្រជាជនប្រមាណ ១៣០០លាននាក់ ដែលជាសក្តានុពលទេសចរណ៍ដ៏ធំមួយ ត្រូវបានព្យាករណ៍ថា នៅឆ្នាំ​ ២០២០ នឹងមានភ្ញៀវទេសចរឥណ្ឌាចេញក្រៅប្រមាណ ៥០លាននាក់៕

មតិយោបល់