បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តកែច្នៃ បើកដាច់កាឡេក្រឡាប់ផ្ងារជើង បណ្តាលឲ្យស្លាប់អ្នករួមដំណើរម្នាក់ របួសធ្ងន់ចំនួន២នាក់ និងរបួសស្រាលម្នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់រថយន្តកែច្នៃ និងអ្នករួមដំណើរពុំទាន់បានស្គាល់អត្តសញ្ញាណច្បាស់នោះទេ មុនពេលកើតហេតុ ពួកគេបានធ្វើដំណើរតាមបណ្តាយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចកើតហេតុ រថយន្តកែច្នៃបានបើកឡើងចំណោទភ្នំជញ្ជាំង ខណៈនោះរថយន្តបានដាច់កាឡេ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ចំនួន៣នាក់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំម្ចាស់មកធ្វើការដោះស្រាយនៅពេលក្រោយ។
ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់