ព័ត៌មានសេដ្ឋកិច្ច

អគារព្យាបាលជំងឺមហារីក និងសម្ភព តម្លៃជាង ២៣លានដុល្លារ បើកសម្ពោធជាផ្លូវការ

នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារព្យាបាលជំងឺមហារីក និងសម្ភពដ៏ថ្មីសន្លាងមួយទៀត នៅក្នុងបរិវេណមន្ទីរពេទ្យកាលម៉ែត្រ ដែលសាងសង់ឡើងអំពីបេតុងអាម៉េមានទទឹង ៤០.៥ម៉ែត្រ បណ្តោយ ៤៨.៦ម៉ែត្រ មានកម្ពស់ ៩ជាន់ មានតម្លៃជាង២៣លានដុល្លារ។

«អគារតេជោសន្តិភាព» នេះមានលក្ខណៈពិសេសដែលរៀបចំ និងរចនាដោយស្ថាបត្យករជាតិ និងអ្នកជំនាញការអន្តរជាតិ ដែលបែងចែកចេញជាពីរផ្នែកដាច់ពីគ្នា ដោយរក្សាបាននូវសុវត្ថិភាពខ្ពស់រវាងមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភព។

សម្តេចតេជោ បានសម្តែងការអបអរសាទរ ចំពោះកាបង្កើតនូវអគារព្យាបាលជំងឺមហារីកដែលបំពាក់ដោយម៉ាស៊ីន និងឧបករណ៍ព្យាបាលជំងឺមហារីកដែលមានបច្ចេកវិទ្យាចុងក្រោយបំផុត នៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយសម្រួលដល់ បងប្អូនប្រជាពលរដ្ឋអោយមានលទ្ធភាព អាចព្យាបាលជំងឺមហារីកបាននៅក្នុងប្រទេស ដោយមានតម្លៃថោកបំផុតដោយមិនចាំបាច់ធ្វើដំណើរទៅបរទេស។

ជាការពិត គឺវិស័យសុខាភិបាលកម្ពុជាសព្វថ្ងៃ កំពុងមានការរីកចម្រើនទៅមុខ ជាក់ស្តែងគឺ ពលរដ្ឋកម្ពុជា មានសុខភាពល្អ ហើយមន្ទីរពេទ្យទាំងរដ្ឋ និងឯកជនក៏ត្រូវបានបំពាក់គ្រឿងឧបករណ៍ និងបរិក្ខារពេទ្យព្យាបាលទាន់សម័យ ជាមួយក្រុមគ្រូពេទ្យដែលមានសមត្ថភាព ចំណេះដឹង ជំនាញឯកទេស គោរពក្រមសីលធម៍ និងវិជ្ជាជីវៈគ្រូពេទ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវកែលម្អអោយបានត្រឹមត្រូវនឹងមានប្រសិទ្ឋភាព ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ពោលគឺ ប្រសិនបើមានមន្ទីរពេទ្យល្អ បំពាក់ដោយឧបករណ៍ទំនើបៗ និងបរិក្ខារពេទ្យល្អៗ ហើយមិនមានគ្រូពេទ្យល្អគោរពវិជ្ជាជីវៈ គ្មានសីលធម៍ល្អ គ្មានការទទួលខុសត្រូវ ក៏គ្មានប្រយោជន៍ដែរ៕

មតិយោបល់