ព័ត៌មានសេដ្ឋកិច្ច

ស្កេន QR Code លើស្លាកលេខរថយន្ត បង្ហាញពីភាពត្រឹមត្រូវនៃការចុះបញ្ជីរថយន្ត

ចាប់ពីខែកក្កដា នេះតទៅ រាល់ការចេញស្លាកលេខរថយន្ត នឹងត្រូវបានដាក់ QR Code ទាំងអស់ ដើម្បីចៀសវាសការប្រើប្រាស់ស្លាកលេខក្លែងក្លាយ ឬលេខសេះហោះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីម្សិលមិញនេះ។

ស្លាកលេខរថយន្ត ដែលបានបោះពុម្ព ចាប់ពីខែកក្កដានេះតទៅ នឹងមានអ៊ុតភ្ជាប់នូវ QR Code ហើយយ៉ាងណាស់មាន ១៥០០រថយន្ត នៅក្នុងខែកក្កដានេះ ដែលស្លាកលេខភ្ជាប់ដោយ QR Code

ការដាក់ QR Code លើស្លាកលេខរថយន្តនេះ នឹងបង្កភាពងាយស្រួលដល់ការគ្រប់គ្រងត្រួតពិនិត្យរបស់សមត្ថកិច្ចផងដែរ ដោយគ្រាន់តែយកទូរស័ព្ទដៃស្កេនលើស្លាកលេខ វានឹងបញ្ជាក់នូវទិន្នន័យគ្រប់ទាំងអស់ រួមមានប្រភេទរថយន្ត ពណ៌ លេខតួ លេខម៉ាស៊ីន។

ចំពោះព័ត៌មានទាក់ទងនឹងឈ្មោះម្ចាស់រថយន្ត អាសយដ្ឋានរបស់ម្ចាស់យានយន្ត មិនត្រូវបានផ្តល់ឲ្យនោះទេ ដើម្បីរក្សាសុវត្ថិភាព និងជួយការពារដល់ម្ចាស់រថយន្ត។

លើសពីនេះទៅទៀត ក្រសួងសាធារណការ នឹងតភ្ជាប់ប្រព័ន្ធនេះជាមួយនឹងពន្ធដារ និងគយបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការស្វែងរកមើលថា យានយន្តមួយណាបង់ពន្ធ ឬមិនបង់ពន្ធ។

គួរជម្រាបដែរថា ក្រសួងសាធារណការ កំពុងតែសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ធ្វើការសិក្សា និងកែលម្អប្រព័ន្ធស្លាកសញ្ញាចរាចរណ៍ ការគូសសញ្ញាចរាចរណ៍ នៅទូទាំងប្រទេសផងដែរ៕

មតិយោបល់